ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន ០៦នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តព្រៃវែង+ស្វាយរៀង៖ នៅថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី០៦ ខែសីហា  ឆ្នាំ២០២១  លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៦នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ដែលក្នុងមួយនាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត។

សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី6 ខែសីហា ឆ្នាំ2021 ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកឆ្លងថ្មី 588 នាក់ទៀត ជាសះស្បើយ 624 នាក់ និងស្លាប់ 19 នាក់ នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2021។ ក្នុងនោះមានករណី: 

– ករណីឆ្លងសហគមន៍ 423 នាក់

– អ្នកដំណើរពីបរទេស 165 នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= 80,813 នាក់

– អ្នកជាសះស្បើយ= 74,045 នាក់

– អ្នកស្លាប់= 1,526 នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១​ មាន​ ៧៦,១៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖ សិលា


ចែករំលែក៖