ភ្នំពេញ៖ តាមរយៈផេកផ្លូវការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានបង្ហោះអោយដឹងថា, នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាបានទទួលជួបលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងសហការីដេីម្បីពិភាក្សាការងារនៅទីស្តីការក្រសួង ។
គោលបំណងនៃជំនួបពិភាក្សាបានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារវិស័យទឹកស្អាតរវាងកម្ពុជា-ជប៉ុន ដែលជាហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានឥណទានសម្បទាន នៃភាគីជប៉ុនជូនដល់កម្ពុជា និងដែលបានអនុវត្គគម្រោងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ស្ថិតក្នុងឱកឱកាសនោះលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជប៉ុនដែលតាមរយៈអង្គការ JICA និងអង្គភាពរដ្ឋាករទឹកទីក្រុងគីតាគ្យូស៊ុ (Kitakyushu) ក៏ដូចជាសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុងគិតាគ្យូស៊ុ (KOWBA) រួមជាមួយអង្គការដៃគូ និងក្រុមហ៊ុនមួយចំនួនទៀត បានដេីរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ។ ជាការកត់សំគាល់គឺថា ប្រជាជនកម្ពុជា ពេលបានទឹកស្អាតប្រេីប្រាស់គឺតែងនឹកគុណដល់ប្រទេសជប៉ុនជានិច្ច ។ ស្របគ្នានេះ ភាគីជប៉ុន នៅបានជួយជំនួយបច្ចេកទេសជាច្រេីនទៀត ដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី និងស្ថាប័នផងដែរ ។
ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការដ៏ល្អរវាងកម្ពុជា-ជប៉ុន ។ ក្នុងនោះ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លេីវិស័យទឹកស្អាតគឺមានលក្ខណៈជឿនលឿនទៅមុខគួរកត់សំគាល់។ ជាក់ស្តែងចាត់ទុកជាដំណឹងល្អមួយគឺថាគម្រោងអភិវឌ្ឍវិស័យទឹកស្អាតមួយចំនួនតាបណ្តា ខេត្តផ្សេងៗ និងរាជធានីភ្នំពេញដូចជា៖ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តកណ្តាល និងស្ថានីយ៍ភូមិព្រែក រាជធានីភ្នំពេញជាដេីម រដ្ឋាភិបាលជប៉ុននឹងអនុម័តនូវគម្រោងស្នេីសុំរបស់កម្ពុជា ដែលនឹងអាចចេញជាលទ្ធផលបាននៅចុងឆ្នាំនេះ នឹងខ្លះនៅដេីមនិងពាក់កណ្តាល ឆ្នាំក្រោយ ។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយចំពោះដំណឹងដ៏ល្អនេះ និងថ្លែងអំណរគុណជាថ្មីចំពោះមិត្តជប៉ុន ដែលបានខិតខំសម្រេចកិច្ចការងារជូនដល់ភាគីកម្ពុជា បេីទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ជាសាកលក៏ដោយ ។ ទន្ទឹមគ្នានេនេះលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីជប៉ុននឹងពិនិត្យលទ្ធភាពបន្ថែមទៀតលេីគម្រោងពង្រីកសមត្ថភាព និងការធ្វើឲ្យប្រសេីរឡេីងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ដែលកំពុងរីកធំធាត់ទាំងផ្ទៃក្រឡាដី និងការអភិវឌ្ឍន៍គ្រប់វិស័យរបស់ខ្លួននិងនៅខេត្តសៀមរាប ដែលជាខេត្តសក្តានុពលទេសចរណ៌ និងកំពុងអភិវឌ្ឍអាកាសយានដ្ឋានថ្មី ។ ក្នុងនោះជាការចាំបាច់បំផុតផងដែរ សូមជួយពង្រឹងសមត្ថភាពអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនបន្តទៀត ។ ជាពិសេសអង្គភាពរដ្ឋាករទឹកសាធារណៈ ដើម្បីឲ្យគេមានសមត្ថភាគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព ដែលថ្ងៃក្រោយអង្គភាពនោះ អាចនឹងក្លាយជាអង្គភាពស្វយ័តបាន ។
ដោយឡែកនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីភារកិច្ចទទួលខុសត្រូវ និងការងារសម្របសម្រួលរបស់ក្រសួងលេីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបច្ចុប្បន្នក្រសួងកំពុងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសក្នុងបញ្ជីសារពេីភ័ណ្ឌមួយសម្រាប់ជាប្រភពធនធានរបស់ជាតិ ។ ក្នុងនោះតាមតួររលេខបញ្ញាវ័ន្ត ដែលបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនមានប្រមាណ៤៨០នាក់ ។ កិច្ចការនេះ លោកកិត្តិសេដ្ឋាបណ្ឌិតក៏បានស្នេីដល់ភាគីជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យនេះ ។ ជាពិសេសពិនិត្យលទ្ធភាពការវិនិយោគរួមលេីការបង្កេីតសួនវិទ្យាសាស្ត្រ និងផ្នែកឧបករណ៌ពិសោធន៍ជាដេីម ៕
ដោយ៖ សិលា