ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី ៨ សីហា ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ថា, ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា,
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្ដល់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រានីកា) ដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្គាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរ មុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជម្រុញឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។ អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវ ធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងក្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។ សូមបងប្អូន បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន “ ៣ការពារ “ (ពាក់ម៉ាស់ លាងដៃឱ្យ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង “ ៣កុំ – (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នកនៅតាមទីតាំង និងពេលវេលាដែលនឹងរៀបចំដោយរដ្ឋបាលខេត្តទាំង០៧ខាងលើ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីង-១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមមានបញ្ជាក់តាមតារាងស្រាប់ ៖

ដោយ៖ សុខ ខេមរា


ចែករំលែក៖