ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី០៨ ខែសីហាស្អែកនេះតែម្តង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្ដល់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រានីកា) ដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្គាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរ មុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជម្រុញឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា, រហូតដល់ពេលនេះមេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា ៣២៧ករណី បើពលរដ្ឋមិនចូលរួមប្រយុទ្ធ នឹងចៀសមិនផុតពីមាត់ជ្រោះមហន្ដរាយនៃសុខភាពសាធារណៈ!សូមចូលរួមទាំងអស់គ្នា ដោយពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលដែលអ្នកចេញក្រៅផ្ទះ ឬ បើមិនចាំបាច់ សូមកុំចេញក្រៅ! ៕
ដោយ៖ សិលា