ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ស៊ុនសូដា៖ ការងារចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ជូនកុមារ​ យុវវ័យនៅខណ្ឌកំបូលសម្រេចបានជាង៨០ភាគរយហើយនៅទីតាំង​៥កន្លែង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានបញ្ជាក់ឱ្យដឹងថា៖ ការងារចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ជូនកុមារ​ យុវវ័យចាប់ពីអាយុ១២ដល់១៧ឆ្នាំនៅខណ្ឌកំបូលមាន៧សង្កាត់ សរុបមានចំនួន ១១.០០០នាក់ យើងសម្រេចការងារចាក់វ៉ាក់សាំងជូនកុមាររយៈពេល៧ថ្ងៃនេះបានចំនួន៧.៤៩៧នាក់ គឺសម្រេចបានជាង៨០ភាគរយហើយនៅទីតាំង​៥កន្លែង។ ការបញ្ជាក់ឱ្យដឹងបែបនេះពីលោក ឃឹម ស៊ុនសូដា គឺខណៈដែលលោកនិងមន្ដ្រីជំនាញចុះពិនិត្យនិងពន្លឿនការងារចាក់វ៉ាក់សាំងនៅមណ្ឌលវត្ដកំបូល សង្កាត់កំបូល នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការថ្ងៃទី០​១ ខែសីហា ឆ្នាំ​២០២១​ គឺជា​ថ្ងៃ​នៃ​ការចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និងយុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំដល់​១៧​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញដែល រហូតមកដល់ថ្ងៃទី​០៧ សីហានេះ នៅខណ្ឌកំបូលកុមារចាប់ពីអាយុ១២ឆ្នាំដល់ ១៧ឆ្នាំបានសម្រុក​មក​ទទួល​ការចាក់​វ៉ាក់សាំងទៅតាមមណ្ឌលដែលយើងមានចំនួន៥ទីតាំងបានចំនួន៧.៤៩៧នាក់លើចំនួនកុមារសរុបចំនួន១១.០០០នាក់ បើគិតជាភាគរយសម្រេចបានជាង៨០ ភាគរយហើយ ។
ក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា ក៏បានធ្វើការអំនាវនាវចំពោះមាតា បីតា អាណាព្យាបាលសូមនាំកូនចៅកុមារ និង​យុវវ័យមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់១៧​ឆ្នាំមកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩នៅទីតាំងដែលបានកំណត់ចំនួន៥កន្លែងឲ្យបានគ្រប់គ្នាៗ ហើយ អាណាព្យាបាល គ្រាន់តែ​យកមក​ជាមួយ​នូវ​ឯកសារ​មួយចំនួនដូចជា​ សំបុត្រកំណើត ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន​ ដើម្បីយកមកបង្ហាញអាជ្ញាធរភូមិសង្កាត់ដែលបងប្អូន កូន ក្មួយរស់នៅនោះ បងប្អូននិឹងទទួលបានលិខិតអនុញ្ញាតចាក់វ៉ាក់សាំងបានហើយ ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ដចូលរួមអនុវត្ដតាមវិធានរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា ក៏បានរំលឹកផងដែរថា៖ បន្ទាប់ពីមានបញ្ជាពី​អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួ​ង ស្រេង ឲ្យអាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ គឺ​មិន​អនុ​ញ្ញា​ត្ត​ឱ្យមាន​ជាដាច់ខាត​ចំពោះ​ការយក​​លុយ​ជា​ថ្នូរ​នៃ​ការផ្តល់​បណ្ណ​ចាក់​សាំង​ជូន​កុមារ​ ។​ បើ​មាន​ករណីបែបនេះ​នឹងមាន​បញ្ហា​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពោលគឺរដ្ឋបាល​រាជធានី​ភ្នំពេញមិនមាន​ការយោគយល់​ឡើយ​ ៕

ដោយ៖ សំរិត


ចែករំលែក៖