ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋ គោរព និងអនុវត្តនូវវិធានសុខាភិបាល និងបម្រាមគោចរ ដែលដាក់ចេញដោយរដ្ឋបាលរាធានីភ្នំពេញ ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-19 ជាពិសេសមេរោគបម្លែងថ្មី ដែលតា (Delta) ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅរាជធានីភ្នំពេញនេះផងដែរ ។

លោកប្រធានអនុសាខាប្រធានកាកបាទក្រហមខណ្ឌ ក៏សំណូមពរដល់បងប្អូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ គោរព និងអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះថា មកដល់ពេលនេះ អាជ្ញាធរ នឹងអនុវត្តតាមនីតិវិធីច្បាប់ មិនមានការណែរនាំទៀតឡើយ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានី ដូចជាការជួបជុំផឹកស៊ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ គឺនឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់មិនមានការលើកលែងទៀតឡើយ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ។

ការលើកឡើងដូចនេះ នៅក្នុងឱកាសដែលគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងបរិវេណអនុវិទ្យាល័យសុធារស ក្រោមការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ លោកចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ។

នៅក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពូមីងនៅក្នុងឱកាសនេះផងដែរ ។

ជាមួយគ្នានេះ លោក ថេង សុថុល បានលើកឡើងថា អំណោយដែលយកមកចែកជូនដល់បងប្អូនពូមីងនាពេលនេះ គឺជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែបានផ្ដាំផ្ញើ នឹងចាត់ឲ្យមន្ត្រីក្រោមឱវាទ ឱ្យពិនិត្យមើល ក៏ដូចជាសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត និងកំពុងជួបការលំបាកដែលបង្កឡើងដោយជំងឺកូវីដ19 នាពេលនេះ ។សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនផងដែរ ៕

ដោយ៖ ជី ណា


ចែករំលែក៖