ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ បន្តប្រគល់ថវិកាប្រចាំខែសីហា ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូននៅស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖​ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បាននាំយកថវិកាប្រចាំខែរបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ សម្រាប់ខែសីហា ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ផ្គត់ផ្គង់ការសិក្សា ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ស​ សុខា​ បានបញ្ជាក់បន្ថែមទៀតថា៖​ “ដូចដែលបានសន្យា ខ្ញុំ និងក្រុមគ្រួសារ នឹងបន្តជួយឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ក្នុង ១ខែ ជារៀងរាល់ខែ ដល់ក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២”។

គួរបញ្ជាក់ថា​ សម្រាប់ខែសីហានេះ ជាខែទី៤៥ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់លោក​ ស​ សុខា​និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ ក្នុង ១ខែ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ទៅប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ ។ជាចុងក្រោយ​ លោក​​ សូមលើកទឹកចិត្តដល់ក្មួយស្រីទាំងពីរនាក់បងប្អូន បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែពូកែ ដើម្បីអនាគតដ៏ត្រចះត្រង់ នាពេលខាងមុខ៕

ដោយ៖ សហការី


ចែករំលែក៖