គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី៨ សីហានេះ សាធារណរដ្ឋប្រជាមានិតចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន៣៨គ្រឿង។ ចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយយ៉ាងប្រកិតដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣៦គ្រឿង។
ចិនបានឈ្នះមេដាយមាស៣៨គ្រឿង, ប្រាក់៣១ និងសំរិទ្ធិ១៨គ្រឿងសរុប៨៧គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស៣៦គ្រឿង, ប្រាក់៣៩ និងសំរិទ្ធិ៣៣គ្រឿង សរុបរហូតដល់១០៨គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២៧គ្រឿង, ប្រាក់១២ និងសំរិទ្ធិ១៧គ្រឿងសរុប៥៦គ្រឿង។ ប្រទេសរុស្ស៊ីបានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៤ដោយទទួលបានមេដាយមាស២០គ្រឿង ប្រាក់២៦ និងសំរិទ្ធិ២៣គ្រឿង សរុប៦៩គ្រឿង ។
ចំណាត់ថ្នាក់លេខ៥បានទៅអង់គ្លេសឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២១ និងសំរិទ្ធិ២២គ្រឿង សរុប៦៣គ្រឿង។ រីឯអូស្ត្រាលីបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៦វិញ ដោយឈ្នះមេដាយមាស១៧គ្រឿង, ប្រាក់៧គ្រឿង និងសំរិទ្ធិ២២គ្រឿង សរុប៤៦គ្រឿង។
ដោយឡែកប្រទេសនៅតំបន់អាស៊ានចំនួន៤មានការប្រែប្រួលមេដាយខ្លះ ដោយប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប៥គ្រឿង, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់២គ្រឿង និងសំរិទ្ធិ១គ្រឿងសរុប៤គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយប្រទេសម៉ាឡេស៊ីទទួលបានមេដាយសំរិទ្ធិ១គ្រឿងដដែល។
គិតត្រឹមព្រឹកថ្ងៃទី៨ សីហានេះ មានតែសហរដ្ឋអាមេរិកមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់១០៨គ្រឿង ខណៈដែលចិនឈរលេខ២មានមេដាយសរុបទាំងអស់៨៧គ្រឿង។ ចំណែកប្រទេសដែលរកបានមេដាយសរុបបន្ទាប់ពីចិនគឺប្រទេសរុស្ស៊ីមានមេដាយសរុប៦៩គ្រឿង ហើយអង់គ្លេសឈរបន្ទាប់មានមេដាយសរុប៦៣គ្រឿង និងបន្ទាប់ពីអង់គ្លេសគឺម្ចាស់ផ្ទះជប៉ុនមានមេដាយសរុប៥៦គ្រឿង ៕
ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)