ព័ត៌មានទាន់ហេតុការណ៍៖

U23ប្រេស៊ីលឈ្នះU23អេស្ប៉ាញក្នុងម៉ោងបន្ថែមទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ

ចែករំលែក៖

ក្រុមបាល់ទាត់ជម្រើសជាតិ U23ប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិ U23 អេស្ប៉ាញ ក្នុងលទ្ធផល២ទល់១ក្នុងម៉ោងបន្ថែម ដែលធ្វើឲ្យក្រុមនេះគ្រងជើងឯកទទួលបានមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ សីហានេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានគ្រប់គ្រងបាល់ច្រើនជាងក្រុម U23ប្រេស៊ីលដោយមានរហូតដល់៥៩ភាគរយ ខណៈដែលប្រេស៊ីលមានតែ៤១ភាគរយប៉ុណ្ណោះ។ ប៉ុន្តែក្រុមជម្រើសជាតិ U23 ប្រេស៊ីលមានឱកាសរកគ្រាប់បាល់នាំមុខមុននៅចុងបញ្ចប់នៃតង់ទី១គឺនៅនាទីទី៤៥+២ ដោយកីឡាករ Matheus Cunha

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមអេស្ប៉ាញបានព្យាយាមសម្រុកដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ហើយទីបំផុតក៏បានរកគ្រាប់បាល់១គ្រាប់តាមស្មើទាល់តែបាននៅនាទីទី៦១ ដោយកីឡាករ Mikel Oyarzabal ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១រហូតដល់ចប់ការប្រកួត ហើយអាជ្ញាកណ្តាលក៏សម្រេចចិត្តធ្វើការប្រកួតក្នុងបន្ថែម១៥នាទីពីរដងបន្តទៀត។

ចូលដល់ការប្រកួតក្នុងម៉ោងបន្ថែមក្រុម U23ប្រេស៊ីលហាក់ដូចជាលេងបានល្អជាងU23អេស្ប៉ាញឡើងវិញ ដោយមានឱកាសជាច្រើនដងដែរ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន រហូតដល់នាទីទី១០៨ កីឡាករ Malcom រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម U23ប្រេស៊ីលយកឈ្នះក្រុមU23អេស្ប៉ាញក្នុងលទ្ធផល២ទល់១ ក្នុងម៉ោងបន្ថែម ។

លទ្ធផលនេះធ្វើឲ្យU23ប្រេស៊ីលគ្រងជើងឯងវិញ្ញាសាបាល់ទាត់នៅអូឡាំពិកឆ្នាំនេះ ដោយទទួលបានមេដាយមាស​ ខណៈដែលU23អេស្ប៉ាញជើងឯករងទទួលបានមេដាយប្រាក់ និងU23ម៉ិចស៊ីកូទទួលបានមេដាយសំរិទ្ធិក្រោយពីយកឈ្នះក្រុមម្ចាស់ផ្Uទះ23ជប៉ុនក្នុងលទ្ធផល៣ទល់១ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖