ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាស្ថានស្រាវជ្រាវវីរុសវូហានព្រមានថា ពិភពលោកនឹងមានវីរុសបំប្លែងថ្មីជាច្រើនទៀត

ចែករំលែក៖

វិទ្យាស្ថានស្រាវជ្រាវមេរោគឆ្លង ទីក្រុងវូហាន ប្រទេសចិន បានព្រមានថា ពិភពលោកត្រូវតែត្រៀមលក្ខណៈ ស្មារតី រស់នៅជាមួយកូវីដ-១៩រយៈពេលវែង ដោយសារតែវីរុសបានបន្តបំប្លែងខ្លួនថ្មីរហូត ហើយឆ្លងរាលដាលនៅទូទាំងពិភពលោក។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រី Shi Zhengli អនុប្រធានវិទ្យាស្ថានស្រាវជ្រាវវីរុសទីក្រុងវូហាន ជាអ្នកវិទ្យាសាស្ត្រមានរហស្សនាមថា (មនុស្សប្រចៀវ) របស់ចិនដែលមានភាពល្បីល្បាញស្តីពីការស្រាវជ្រាវទៅលើប្រភេទប្រចៀវ បានព្រមានថា វីរុសបំប្លែងខ្លួនថ្មីបានវិវឌ្ឍជាបន្តបន្ទាប់ ដូច្នេះត្រូវតែត្រៀមលក្ខណៈរស់នៅជាមួយកូវីដ-១៩ យូរអង្វែង។
កន្លងមក លោកស្រី Shi Zhengli ក៏ធ្លាប់បានច្រានចោលជាច្រើនលើក ពាក់ព័ន្ធនឹងការចោទប្រកាន់ថាវីរុសកូវីដ-១៩បែកធ្លាយចេញពីវិទ្យាស្ថានវូហាន ។
ការស្រាវជ្រាវពីប្រភពកូវីដ-១៩ បង្កឲ្យមានវិវាទជាច្រើន និងធ្វើឲ្យទំនាក់ទំនងរវាងចិននឹងបណ្តាប្រទេសលោកខាងលិចកាន់តែតានតឹង ។ ជាមួយគ្នានោះលោកស្រីក៏បានចោទប្រកាន់ថា អាមេរិក កំពុងតែបង្វែរស្ថានភាពនេះទៅជានយោបាយ ។
បច្ចុប្បនចិនកំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មីដែលជាវីរុសបំប្លែងខ្លួនថ្មី បានផ្ទុះឡើងនៅតំបន់ជាច្រើន ពិសេសគឺនៅទីក្រុងវូហាន។
បច្ចុប្បន្ននៅទូទាំងពិភពលោក អ្នកកើតកូវីដ-១៩បានកើនឡើងដល់ជាង២០២, ៩លាននាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២៩៩,៥០២នាក់ និងជាសះស្បើយឡើងវិញ ១៨២,២៩៤,៧៣៨នាក់។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦,៥១៨,៩៤៨នាក់ អ្នកស្លាប់ចំនួន៦៣២,៩៨៧នាក់ និងជាសះស្បើយចំនួន ២៩,៨៥១,៨០៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,៩៣៣,៥៥៣នាក់ ស្លាប់ចំនួន ៤២៧,៨៩២នាក់ និងជាសះស្បើយ ៣១,០៩២, ០៩៧នាក់៕

ដោយ៖ធីរីណា(រូបថត៖Global Times)


ចែករំលែក៖