ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី០៨ ខែសីហា ឆ្នាំ២០២១នេះថា៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ដ កម្លាំងជំនាញ បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យម្នាក់ ពីបទរំលោភលើទំនុកចិត្ត។
មន្រ្តីកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា ការឃាត់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហានេះ ត្រង់ចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
ប្រភពដដែល បានបន្ថែមទៀតថា ជនដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនឈ្មោះ ឃុន ស៊ីម៉េង ភេទប្រុស កើតថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៩៥ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យទឹកមាស ទីលំនៅបច្ចុប្បន្នភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនរួច ក៏បានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី