ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ គិតមកដល់ ថ្ងៃទី០៨ខែសីហា ឆ្នាំ២០២១នេះ ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញបានប្រមាណជាង១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់ គឺចាក់បាន៦០ភាគរយហើយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបែបនេះក្នុងឱកាស ដែលលោកអមដំណើរលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យមើលសកម្មភាពនៃការងារចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារ និងយុវវ័យនៅមណ្ឌលសុខភាពទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនារសៀលថ្ងៃអាទិត្យទី០៨ ខែសីហា ឆ្នាំ២០២១។
ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក៏ដូចជាខណ្ឌដទៃទៀតដែរត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ពិសេសកុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ឆ្នាំ និងឱពុកម្ដាយបានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងគិតគូរចំពោះប្រជាជនកម្ពុជា ។
លោកបញ្ជាក់ទៀតថា៖ កន្លងមកសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលមានមនុស្សខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។ បន្ថែមពីនេះ សម្ដេចនូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារនិងយុវវ័យអាយុ១២ឆ្នាំដល់១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំងcovid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនៅបានចាក់ជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង១១ប្រទេសមានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារនិងយុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។
ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែសីហានេះដែរថា សម្រាប់រាជធានីភ្នំពេញកុមារនិងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំងមានចំនួនប្រមាណជា២១ម៉ឺននាក់ ហើយក្នុងចំនួននេះបើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា១២ម៉ឺននាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕
ដោយ ៖ សំរិត