ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ

ចែករំលែក៖

ខេត្តកោះកុង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានអញ្ជើញជាអធិបតី បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួន ប្រឆាំងនឹងជំងឺកូវីដ-១៩ បំប្លែងថ្មី ជូនដល់មន្ត្រីជួរមុខរួមមាន៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីរាជការ និងកងកម្លាំងជួរមុខ នៅក្នុងខេត្ត ជាបន្តបន្ទាប់ផងដែរ។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់បុគ្គលិកពេទ្យ ក្រុមយុវជន កងកម្លាំងសមត្ថកិច្ច និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាព ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាឱកាសក្នុងការបម្រើជាតិ និងបម្រើរាស្ត្រ ដែលមិនអាចគេចវេសពីតួនាទី ការងារ និងភារកិច្ចនេះបានឡើយ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ត្រូវបានដឹកមកដល់ខេត្តកោះកុង ដើម្បីចាក់ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖