ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោករួចប្រឹងធ្វើចលនាជួយសង្គ្រោះ ប៉ុន្តែជាអកុសលហួសពេលទៅហើយ បន្ទាប់ពីស្ត្រីរងគ្រោះបត់ជើងធំក្នុងផ្ទះរួច វារទៅមាត់ស្រះក្នុងគោលបំណងទៅលាងសម្អាតខ្លួន ប៉ុន្តែបានរអិលចូលក្នុងស្រះលង់ទឹកស្លាប់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែសីហាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ឌុល ខ្វិន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ស្ត្រីខាងលើជាមនុស្សពិការ(ខ្វិនជើង) មុនកើតហេតុគាត់បានចុកពោះក៏ទៅបត់ជើងធំក្នុងផ្ទះ ក្រោយមកគាត់ក៏វារទៅមាត់ស្រះដែលមានទឹកដើម្បីលាងសម្អាតខ្លួនក៏ស្រាប់តែរអិលធ្លាក់ទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។
សពក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន