ភ្នំពេញ ៖ ជនសង្ស័យជាស្រ្តី២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមានចំនួន១កញ្ចប់ធំល្មមនិង៤២កញ្ចប់តូច កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងក្រោយក្រុមហ៊ុនទូរស័ព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ យ៉េន សុខេន ហៅ ចាន់ធី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ បោកខោអាវ និងទី២-ឈ្មោះ ហូ ចិន្តា ហៅ ថុំ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មាន អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមលោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន បានឱ្យដឹងថា មុនកើតហេតុលោកបានដឹកនាំកម្លាំងប៉ុស្តិ៍និងផ្នែកជំនាញដើម្បីល្បាតក្នុងភូមិសាស្រ្តជាពិសេសតំបន់ស្មុគស្មាញលួចលក់និងជក់គ្រឿងញៀន។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញស្រ្តី២នាក់គួរឱ្យសង្ស័យ ព្រោះម៉ោងទៀបភ្លឺហើយមិនដេកពួនសោះ កំពុងអង្គុយក្បែរគ្នានៅមុខផ្ទះជួលគ្មានលេខ ក៏ធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ធំល្មមនៅក្នុងហោប៉ៅអាវខាងឆ្វេង និង៤២កញ្ចប់ទៀតនៅក្នុងឆ្នាំងដីក្បែរជើងខាងស្តាំរបស់ជនសង្ស័យជាស្រ្តីឈ្មោះ យ៉េន សុខេន ហៅ ចាន់ធី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរបន្តទៀត។
សមត្ថកិច្ចបន្តទៀតថា នៅមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យ៉េន សុខេនបានសារភាពថា ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀននេះពិតជារបស់ខ្លួនប្រាកដមែន។ បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យជាស្ត្រីទាំង២នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាប់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា