ភ្នំពេញ៖ មន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័តចុះផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតលេខ ២៤៤១ សក.គតលទ ស្តីពីសំណើសុំផ្តល់កិច្ចសហការចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដីលើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស។
មន្រ្តីបច្ចេកទេសតាមស្ថានីយជញ្ជីងអចល័ត នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់យានយន្តដឹកជញ្ជូនដែលឆ្លងកាត់ស្ថានីយ និងចុះពន្យល់ណែនាំដល់ម្ចាស់អាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ និងរណ្តៅដី អំពីច្បាប់ស្តីពីផ្លូវថ្នល់ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលមានជាធរមាន ។
ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថារាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ។
ជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវចំពោះក្រុមហ៊ុន និងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ចូលរួមគោរពតាមនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាប់គង់វង្សតាមអាយុកាលកំណត់ ៕
ដោយ៖ សូរិយា