ខេត្តកណ្ដាល៖ ម្ចាស់ហាងខារ៉ាអូខេ២នាក់ ត្រូវបាននគរបាលស្រុកស្អាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២១នេះ បន្ទាប់ពីកម្លាំងនគរបាលចុះបង្រ្កាបហាងខារ៉ាអូខេ២ទីតាំងស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល និងឃាត់ខ្លួនមនុស្សជាច្រើននាក់ ហើយអ្នកផ្សេងទៀតត្រូវបានពិន័យជាប្រាក់ចូលរដ្ឋបាលខេត្ត។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ទីតាំងខារ៉ាអូខេទាំង២កន្លែងនោះ ទី១- យីហោ នាគក្រហម (ម្ចាស់ទីតាំងឈ្មោះ គីម ធឿន) និងទី២-យីហោ លី ហ័ង (ម្ចាស់ទីតាងឈ្មោះ សយ សុង)។ ទីតាំងទាំងពីរស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៥នាទី កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញមានការបើកលួចលាក់ធ្វើអាជីវកម្មនៅហាងខារ៉ាអូខេយីហោនាគក្រហម និង យីហោ លី ហ័ង ស្ថិតនៅក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ៕
ដោយ៖ ស្អាង ជ័យ