ក្រុងប៉ោយប៉ែត ៖ បុរសជាពលករខ្មែរម្នាក់បម្រើការងារនៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ ត្រូវគូទំនាស់ជាពលករដូចគ្នាអារ-ក សម្លាប់ពេលកំពុងអង្គុយហូបបាយនៅមុខបន្ទប់ស្នាក់នៅវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ នៅភូមិវុំាងក្រាក់ធីង ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។
តាមសំដីស្ត្រីជាភរិយារបស់ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុប្តីរបស់ខ្លួនឈ្មោះ ឈើង សុផន អាយុ ៤៧ ឆ្នាំ កំពុងអង្គុយហូបបាយនៅមុខបន្ទប់ ឯខ្លួនជាប្រពន្ធក៏កំពុងធ្វើម្ហូបនៅឯចង្ក្រានបាយ ក៏បានឮសម្លេងស្រែកប្រកែកគ្នាជាមួយឈ្មោះ រ៉ង ទិត្យ អាយុ ៣៤ ឆ្នាំ ស្នាក់នៅបន្ទប់ជាប់គ្នា បានតែប៉ុន្មានម៉ាត់ក៏ស្ងាត់ គ្រានោះខ្លួនក៏បានរត់ចេញមកមើលឃើញប្តីរបស់ខ្លួនត្រូវជនសង្ស័យខាងលើអារ-ក ដាច់បំពង់ខ្យល់ស្លាប់បាត់ទៅហើយ ខ្លួនក៏បានស្រែកឲ្យគេជួយ ទើបមេការប្តឹងទៅតម្រួតថៃមកចាប់ខ្លួនជនបង្កបានភ្លាមៗតែម្តង។ ក្រោយពីកម្លាំងតម្រួតចុះពិនិត្យកន្លែងកើតហេតុដែលកន្លែងស្នាក់នៅរបស់កម្មករនៅក្នុងចម្ការមៀន និងមានកម្មករស្នាក់នៅចំនួន ៩ នាក់ ។ ហើយពួកគេគឺជាមិត្តរួមការងារដែលរស់នៅជាប់បន្ទប់គ្នា ដោយនៅមុនពេលកើតហេតុអ្នកទាំងពីរនាក់មានទំនាស់ពាក្យសំដីជាមួយគ្នាម្តងរួចមកហើយពីរឿងប្រចណ្ឌ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែភ្លើងកំហឹងទំនងជានៅដិតជាប់ក្នុងចិត្តទើបនៅពែលកើតហេតុក៏បានផ្ទុះឡើងម្តងទៀត បណ្ដាលឲ្យអ្នកទាំងពីរនាក់ឈានដល់មានកំហឹងរៀងខ្លួនរហូតដល់ភាគីម្ខាងស្លាប់និងភាគីម្ខាងទៀតត្រូវជាប់គុក៕
ដោយ ៖ វណ្ណា