ស្ថានភាពនៃការឆ្លងកូវីដ-១៩ នៅបណ្តាប្រទេសដែលបានចាក់វ៉ាក់សាំងចិនមានភាពល្អប្រសើរ ដោយមិនមានករណីឆ្លងច្រើនឡើយ ហើយយុទ្ធនាការចាក់វ៉ាក់សាំងក៏កំពុងដើរទៅមុខ និងមានចំនួនអ្នកចាក់វ៉ាក់សាំងចិនក៏កាន់តែច្រើនផងដែរ។
ដោយសារតែបារម្ភពីការឆ្លងកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta បណ្តាប្រទេសជុំវិញពិភពលោកបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង និងបង្កើនការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដដ៏សាហាវនេះ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រទេសជាច្រើនបានប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfilzer/BioNTech, AstraZeneca…។
ប៉ុន្តែមានប្រទេសជាច្រើនបានជ្រើសរើសយកវ៉ាក់សាំងចិន គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដូចជាប្រទេសឥណ្ឌូនេស៊ី អារ៉ាប់រួម ឈីលី…ហើយស្ថានភាពនៃការឆ្លងនៅក្នុងប្រទេសទាំងនោះគឺបានថយចុះយ៉ាងខ្លាំង ហើយការចាក់វ៉ាក់សាំងរបស់ចិនក៏បានកើនឡើងផងដែរ។
ប្រទេសឥណ្ឌូនេស៊ី ៖ ពេលនេះបានកាត់បន្ថយការរឹតត្បិត ដោយការឆ្លងកូវីដ-១៩ មានការថយចុះ ដូចជានៅទីក្រុងចាការតា និង៣ទីក្រុងទៀតនៅលើកោះជ្វា មានទីក្រុង Bandung, Semarang និង Surabaya ដោយអនុញ្ញាតឲ្យមជ្ឈមណ្ឌលផ្សារទំនើបបើកទ្វារដំណើរការឡើងវិញ។ អ្នកដែលទៅផ្សារទំនើបគឺត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់។
ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងពាក់កណ្តាលខែកក្កដា មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង ៥៦ពាន់នាក់ ។ នៅទីក្រុងចាការតា បានចាក់វ៉ាក់សាំងជាង ៩០%ជូនពលរដ្ឋ ក្នុងនោះមាន៤២%បានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស ។ វ៉ាក់សាំងដែលប្រទេសឥណ្ឌូនេស៊ីចាក់ជូនពលរដ្ឋគឺស៊ីណូវ៉ាក់។
ប្រទេសអារ៉ាប់រួម (UAE) ៖ គិតត្រឹមថ្ងៃទី១១ខែសីហា មានពលរដ្ឋអារ៉ាប់រួមជាង៧៣% បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ហើយស្ថានភាពរស់នៅរបស់ពលរដ្ឋ នៅក្នុងប្រទេសនេះបានងាកមកដូចដើមវិញ។ កាលពីថ្ងៃទី២ខែសីហា ប្រទេសនេះក៏បានអនុម័តឲ្យចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៣ឆ្នាំឡើងដោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន ។
ក្រៅពីនេះក៏មានប្រទេសឈីលី បារ៉ែន… និងប្រទេសជាច្រើនទៀត បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិនជូនដល់ពលរដ្ឋរបស់ខ្លួន ហើយលទ្ធផល ប្រទេសទាំងនោះ បានទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បានយ៉ាងល្អគួបផ្សំជាមួយការ
រឹតត្បិត រក្សាគម្លាតសង្គម ជួយឲ្យប្រទេសទាំងនេះគ្រប់គ្រងការឆ្លងបានយ៉ាងល្អបំផុត៕ដោយ៖ធីរីណា
រូបភាព៖TTXVN
រូបភាព៖Reuters