ថៃបានប្រកាសឱ្យដឹងថាក្រសួងសុខាភិបាលថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងពីរប្រភេទប្រឆាំងកូវីដ-១៩បាញ់ចូលតាមច្រមុះ ដែលនឹងចាប់ផ្តើមសាកល្បងនៅចុងឆ្នាំ២០២១នេះ។
តាមសារព័ត៌មាន រ៉យទ័របានផ្សាយថា ថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះទៅលើមនុស្សនៅចុងឆ្នាំនេះ។ វ៉ាក់សាំងប្រភេទនេះទទួលបានជោគជ័យយ៉ាងខ្លាំងពេលសាកល្បងលើសត្វកណ្តុរ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បានឱ្យដឹងថា ប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយមជ្ឈមណ្ឌលជីវសាស្ត្រជាតិថៃ។ វ៉ាក់សាំងនេះនឹងចាប់ផ្តើមធ្វើតេស្តលើមនុស្សនៅចុងឆ្នាំ២០២១នេះ។ លោកស្រីបន្តទៀតថា ដំណាក់កាលទីពីរនឹងសាកល្បងនៅខែមីនាឆ្នាំ២០២២ ប្រសិនបើទទួលបានលទ្ធផលល្អ ។
បច្ចុប្បន្នវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ ផលិតដោយប្រទេសថៃផ្ទាល់កំពុងស្ថិតនៅក្នុងដំណាក់កាលទីពីរ គឺវ៉ាក់សាំង mRNA ស្រាវជ្រាវនិងផលិតដោយមហាវិទ្យាល័យ ចូឡាឡុងកន។
ថៃបានប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca, Sonovac , shinopharm ។ តាមសារព័ត៌
មានរ៉យទ័រ មកទល់ពេលនេះថៃទទួលបានការចាក់វ៉ាក់សំាង គ្រប់គ្រាន់ចំនួនពីរដូសមាន ៦,៨%។
ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃកើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នា ។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,៧៨២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២២,៤០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៧៥ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២៣,៦៤៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ៕
ដោយ៖ធីរីណា(រូបភាព៖Reuters )