ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៣៥គ្រាប់ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារាវរកឃើញនៅស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល: ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅចំណុច​ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល​មក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​នេះ​ កម្លាំងនគរបាលស្រុក

លើកដែក និងកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជា

មួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ( CMAC)បានចុះទៅពិនិត្យ​ស្រាវជ្រាវរាវរកប្រទះឃើញគ្រាប់ចំនួន១៣៥គ្រាប់។

មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៣៥គ្រាប់នេះ គឺជាគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាមមកម្ល៉េះ ជាប្រភេទគ្រាប់ Mortar 60 mm , 82mm , 120mm និងប្រភេទគ្រាប់មិនធាក់ថយ Recoilless 75mm ។​

ប្រភព​ដដែលបន្តថា​ យោងតាមការឱ្យដឹងពីលោកស្រី ចឺយ រចនា អាយុ​៤៧ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងដែលគាត់បានទិញដីនេះនៅក្នុងឆ្នាំ​២០០៥បានដឹងថា នៅម្តុំនេះមានគ្រាប់ជាច្រើនដែលបានបន្សល់ទុក ហើយនៅឆ្នាំ១៩៩៣ ជំនាន់UNTAC ខាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ( CMAC)ក៏បានចុះមកប្រមូលម្តងដែរក្នុងរណ្តៅ​ខាងក្រោយជម្រៅ​ជាង២​ម៉ែត្រ​បានជាច្រើនគ្រាប់ ។ បើយោងតាមការឱ្យដឹងពីលោក ចាន់ សុន អាយុ​៧៩ឆ្នាំ មន្រ្តីយោធាស្រុកលើកដែកចូលនិវត្តន៍ និងជាអ្នករស់នៅទីនោះតាំងពី​ជំនាន់លន់ នល់ មក និងបានចុះមកបង្ហាញ​ទីតាំងផ្ទាល់បានបញ្ជាក់ថា ទីតាំងនេះ​ជាកន្លែងឃ្លាំងគ្រាប់របស់​ទាហាន​ខ្មែរក្រហម ដែលដឹកយកមកទុកនៅទីនេះ​ជាច្រើនសម្រាប់វាយជាមួយកងទ័ពវៀតណាម៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖