ខេត្តបាត់ដំបង៖ បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបញ្ជាក់ថា, ការបិទនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២១ ខែសីហា។
ត្រូវបានបន្តបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាល ដាលក្នុងសហគមន៏នៃមេរោគកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ ប្រភេទ (Delta) នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ផ្សារដែលត្រូវបិទខ្ទប់នេះមានតារាងឈ្មោះភ្ជាប់មកជាមួយ។
ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្ដោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធខាងលើត្រូវ៖ ហ៊ុំព័ទ្ធ និងផ្អាកការចេញ ចូលទីតាំងទាំងនេះ
– កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន នៅទីកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយ ទៅមួយ ចន្លោះពី ៥ម៉ែត្រ ទៅ ៧ម៉ែត្រ។ ក្នុងករណីការរៀបចំគម្លាតនេះពុំបាន គឺត្រូវផ្អាកដូចការលក់ដូរ ប្រភេទឥវ៉ាន់ ទំនិញផ្សេងៗទៀតដែរ។
– ចំពោះទីតាំងលក់ដូរ កន្លែងណាមួយដែលបានកំណត់ឱ្យលក់ដូរជាបណ្ដោះអាសន្ន ដូចចំណុចទី២ នៅតែ មិនមានលក្ខណៈសមស្រប រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធខាងលើ ត្រូវចុះបិទទីតាំងលក់ដូរនេះភ្លាមៗ ដោយមិនរងចាំការសម្រេចពីរដ្ឋបាលខេត្តទេ។
កំណត់ឱ្យអ្នកលក់ និងអ្នកទិញ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានទឹកអាល់កុល ឬជែល សម្អាតដៃជាប់ជាប្រចាំ។
ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាល របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការបឃាត់ការឆ្លងរួលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ៕
ដោយ៖ សិលា