ព័ត៌មានទាន់ហេតុការណ៍៖

ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ ។

អនុលោមតាមប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ចាប់ តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ក្នុងគោលបំណង រួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យកាន់តែឆាប់រហ័ស ស្របតាមអភិក្រម “រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រង្វាក់ការឆ្លងរាលដាលបានទាន់ពេលវេលា”។

គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះសរុបចំនួន ៤.២៤១ នាក់ ក្នុងនោះ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន ១.២៥៧ នាក់ និងអ្នកជំងឺកំពុង សម្រាកព្យាបាលមានចំនួន ២,៩៨៤ នាក់។ យ៉ាងណាមិញ ក្នុងរយៈពេលអនុវត្តកន្លងមកនេះ រដ្ឋបាលរាជធានី ភ្នំពេញ បានកត់សម្គាល់ឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែ បានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង ហើយអ្នកជំងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ រួចទើប រាយការណ៍មកមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន ពោលគឺជាការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និង គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ និងអាចបង្កជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ដល់សមាជិក គ្រួសារ អ្នករស់នៅក្បែរខាង និងសហគមន៍ទាំងមូល ថែមទៀតផង។

ចំពោះមុខ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូម ធ្វើការណែនាំដូចខាងក្រោម៖

១. ក្នុងករណីការប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្ត វិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្រ្តីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរស័ព្ទ (Hotline) ១២២២ ឬ លេខទូរស័ព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បី ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឲ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

២. ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគ កូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលបានទទួលការអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យា នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច តាមទម្រង់គំរូឧបសម្ព័ន្ធទី១១ នៃនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រម ឲ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ “ទីតាំងវិជ្ជមានជំងឺកូវីដ-១៩- ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវទាក់ទងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន។

៣. ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរក ឃើញថាមានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបាន លទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាលក្រុមគ្រូពេទ្យ ឬអាជ្ញាធរ មូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាមប្រការ ២ នៃប្រកាស អន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹង វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៤. រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការ ចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។

៥. គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវការអនុវត្ត បានត្រឹមត្រូវតាមសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារនៃសេចក្ដី ណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ឱ្យខាងតែបាន និងដោយគ្មានការលើកលែង ឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវសហការ អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖