ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ជប៉ុនប្រកាសអាសន្នខ្ពស់បំផុតនៅខេត្តហុីរ៉ូស៊ីម៉ា

ចែករំលែក៖

នៅថ្ងៃទី១៣ខែសីហា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងជើងប្រទេសជប៉ុនបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតបាត់ខ្លួនដោយសារតែបាក់ដី ។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុនបានឱ្យដឹងថា តំបន់ជាច្រើនទៀតត្រូវប្រកាសអាសន្នពីករណីភ្លៀងធ្លាក់ខ្លាំង។
ក្រសួងព្យាករណ៍អាកាសធាតុជប៉ុនបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំង នៅខេត្តហុីរ៉ូស៊ីម៉ា អាចបង្កឲ្យមានគ្រោះទឹកជំនន់ និងបាក់ដី ខណៈដែលទឹកនៅដងទន្លេកើនឡើងខ្ពស់។ ជាមួយគ្នានេះប្រជាជនជប៉ុនរាប់ម៉ឺននាក់ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុក វាយប្រហារខេត្តភាគខាងលិច។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃសុក្រនេះបានប្រកាសថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារខេត្តស្ថិតនៅភាគខាងលិចប្រទេសដែលនឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងការបាក់ដីផងដែរ។ ហេតុដូច្នេះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឲ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព។
អាជ្ញាធរជប៉ុនបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងសន្ធាប់បានចាប់ផ្តើមកើតមានឡើងនៅថ្ងៃសុក្រនេះតែម្តង ហើយវានឹងបន្តអូសបន្លាយប្រមាណពីរទៅបីថ្ងៃទៀត ហើយតំបន់ភាគខាងជើង និងភាគខាងត្បូងជប៉ុន ក៏នឹងទទួលរងឥទ្ធិពលនេះផងដែរ។ JMA បានប្រកាសអាសន្នទុកជាមុន និងបង្គាប់ឲ្យប្រជាជនជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ដោយសារតែខ្លួនបានព្យាកររួចហើយថា គ្រោះមហន្តរាយអាក្រក់ៗផ្សេងទៀតនឹងកើតមានឡើង។
ខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) បានរងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈប្រជាជនសរុបជិត ៧០,០០០នាក់ ត្រូវបានបង្គាប់ឲ្យជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។ ការបង្គាប់ឲ្យជម្លៀសត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរបានពិនិត្យឃើញថា កម្រិតទឹកនៅតាមដងទន្លេចំនួន៣នៃខេត្ត Hiroshima និងខេត្ត គូម៉ាម៉ូតុ (Kumamoto) ដែលនៅជាប់គ្នាបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន៕

ដោយ៖ ធីរីណា(រូបភាព៖AP)


ចែករំលែក៖