ព័ត៌មានទាន់ហេតុការណ៍៖

លោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ អមដំណើរដោយ លោក ខាន់ សុខា​ អភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ យប់ថ្ងៃសុក្រទី​១៣ ខែសីហា​ ឆ្នាំ២០២១​ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

នាឱកាសនោះ​ លោក​ អ៊ូច ភា អភិបាលខេត្ត​ បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ​ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វេីយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំលែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យេីង​ ។

គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ ​រយៈពេល​ ០៧ថ្ងៃទៀតចាប់ពីម៉ោង​ ២៣​ និង៥៩នាទី​ ថ្ងៃទី១២​ ដល់ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម។ល៕

ដោយ៖ សហការី


ចែករំលែក៖