ភ្នំពេញ ៖ យុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានដេកស្លាប់ក្នុងលូទាំងអាក្រាតកាយ និងដងខ្លួនមានស្នាមរបួស ស្ថិតនៅចំណុចមុខអាហារដ្ឋានស្រីអូនស៊ុបគោ ដោយករណីនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំ សម្បុរខ្មៅ រាងស្គម។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា កន្លងមកគេតែងតែឃើញជនរងគ្រោះរូបនេះដើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ទើបតែរយៈពេល៣ទៅ៤ថ្ងៃនេះពួកគាត់មិនដែលឃើញជនរងគ្រោះខាងលើដើរតាមដងផ្លូវទៀតទេ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ នេះស្រាប់តែគេប្រទះឃើញយុវជនរូបនេះ ដេកស្លាប់ក្នុងលូទាំងអាក្រាតកាយ និងមានស្នាមរបួសនៅលើដងខ្លួនយ៉ាងធ្ងន់ធ្ងរដោយគេមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ភ្លាមៗនោះពួកគាត់ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសពដល់ចំណុចទីតាំងកើតហេតុខាងលើ។ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅផ្នែកជំនាញដើម្បីមកធ្វើកោសល្យវិច័យនិងយកសពទៅតម្កល់នៅវត្តទួលសង្កែ រង់ចាំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និន សុភ័ស្ត