ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីគ្នារឿងខ្ចីលុយរហូតក្លាយជាអំពើគំរាមកំហែងថានឹងសម្លាប់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ដើមចេញពីរឿងខ្ចីលុយចំនួន២០០ដុល្លារ ឈានដល់ទាស់ពាក្យសម្តីគ្នាទៅវិញទៅមក បានធ្វើឲ្យភាគីខាងអ្នកខ្ចី២នាក់កាន់ដាវមកគំរាមកំហែងថានឹងសម្លាប់ភាគីជាម្ចាស់លុយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនរួច។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង ០០នាទីល្ងាច នៅចំណុចភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ អាត គីមហ៊ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ឃាត់ខ្លួន)និងទី២-ឈ្មោះ កូ សុភា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា(គេចខ្លួន)។ អ្នកទាំងពីរនាក់មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ដោយឡែក វត្ថុតាងចាប់យករួមមាន ដាវ ចំនួន៣ដើម ។
ប្រភព​ដដែលបន្តថា​ កាលពីពេលកន្លងទៅ ឈ្មោះ កូ សុផល បានទៅខ្ចីលុយពីឈ្មោះ សេង ម៉ៅ ចំនួន២០០ដុល្លារ ដោយបានកំណត់ថ្ងៃខែសងវិញត្រឹមត្រូវ ។ លុះក្រោយមកឈ្មោះ កូ សុផល មិនបានសងលុយតាមកាលកំណត់នោះទេ ដោយបានពន្យារពេលជាបន្តបន្ទាប់ ហើយបន្ទាប់មកទៀត ក៏បានសន្យាសងប្រាក់ទៅកាន់ជនរងគ្រោះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឈ្មោះ សេង ម៉ៅ និងប្រពន្ធក៏បានទៅទារលុយពីឈ្មោះ កូ សុផល មុនការកំណត់ក៏បង្កជាជម្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ។ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឈ្មោះ កូ សុផល ក៏បានសងលុយចំនួន២០០ដុល្លារ ទៅឱ្យឈ្មោះ សេង ម៉ៅ គ្រប់ចំនួន ។
លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ស្រាប់តែឈ្មោះ កូ សុភា ត្រូវជាប្អូនឈ្មោះ កូ សុផល និងឈ្មោះ អាត គីមហ៊ បានជិះរ៉ឺម៉កម៉ូតូមកផ្ទះជនរងគ្រោះ ដោយមានកាន់ដាវនៅនឹងដៃចំនួន៣ដើម ហើយបានស្រែកគំរាមចង់កាប់សម្លាប់ទៅលើឈ្មោះ សេង ម៉ៅ និងប្រពន្ធ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត គីមហ៊ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី រីឯជនសង្ស័យឈ្មោះ កូ សុភា បានគេចខ្លួនបាត់៕

ដោយ៖ ស្អាងជ័យ

 


ចែករំលែក៖