ខេត្តឧត្តរមានជ័យ៖ មន្រ្តីនគរបាលស្រុកអន្លង់វែង បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ២ នាក់ ដែលយកឈ្មោះស្ថាប័នតុលាការខេត្តឧត្តរមានជ័យទៅគំរាមនិងយកលុយពីប្រជាពលរដ្ធ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការប្រើប្រាស់ រថយន្តប្រដេញ កាក់រថយន្តដឹក គ្រឿងសិប្បកម្ម ព្រមទាំងយកឈ្មោះ ស្ថាប័នតុលាការ ខេត្តឧត្តរមានជ័យ ទៅយកលុយ ពីប្រជាពលរដ្ឋ។
បើតាមរបាយការណ៍ របស់មន្ត្រីនគរបាល ស្រុកអន្លង់វែង បានឲ្យដឹងថាៈ ដោយមាន ការបញ្ជាផ្ទាល់ របស់លោក តូច សុភក្ដី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តឧត្តរ មានជ័យ កម្លាំងផ្នែកជំនាញនៃនគរបាលយុត្តិធម៌ បានស្រាវជ្រាវឈានទៅឃាត់ខ្លួនមនុស្សទាំង២មាន នាក់ គឺៈ ទី១-ឈ្មោះ លុន តុនឡេង (ឡេង) អាយុ ៤៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងទី២-ឈ្មោះ អៀម ប៊ុនធឿន (អែល) អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថាៈ បុគ្គលទាំង ២ នាក់នេះ បានធ្វើសកម្មភាព ដើរយកលុយ ពីប្រជាពលរដ្ឋ ដោយប្រើរថយន្តម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7103 ដែលពុំមានឯកសារត្រឹមត្រូវ តាមច្បាប់ជាកម្មសិទ្ធិ របស់ឈ្មោះ អៀម ប៊ុនធឿនហៅ (អែល) ដេញកាក់ឃាត់ រថយន្ត ប្រជាពលរដ្ឋដែលរកស៊ី ដឹកគ្រឿងសិប្បកម្ម តាមដងផ្លូវ ក្នុងភូមិសាស្ដ្រ ស្រុកត្រពាំងប្រាសាទ និងស្រុក អន្លង់វែង ព្រមទាំងយកឈ្មោះ ស្ថាប័នតុលាការ ខេត្តឧត្តរមានជ័យ ទៅយកលុយ ពីប្រជាពលរដ្ធថែមទៀត។
ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌បាននាំបុគ្គលទាំង២នាក់នេះ ទៅអធិការដ្ឋាន នគរបាលស្រុកអន្លង់វែងដើម្បីសាកសួរ។
ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថាខ្លួនពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកគ្រឿងសិប្បកម្មក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងពិតប្រាកដមែន៕
ដោយ៖ អរុណរះ