ព័ត៌មានទាន់ហេតុការណ៍៖

ការពិន័យអន្តរការណ៍ចំពោះបុគ្គល មិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម !

ចែករំលែក៖

   ខេត្តកំពង់ចាម៖ នៅព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីជូនដំណឹង ស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គល មិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម !

ត្រូវបានកំណត់ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍ ចំពោះបុគ្គលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ដែលរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាមបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនានៃជំងឺកូវីដ-១៩ ទៅតាមវិធានការរដ្ឋបាលនីមួយៗដូចខាងក្រោម ដែលបញ្ជាក់តាមតារាង កំណត់ ៖

មន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ច ត្រូវចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនបុគ្គល ដែលមិនគោរព វិធានការរដ្ឋបាល ដើម្បីបង្គាប់ឲ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នៃ ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ០៣ បី) ច្បាប់ ដោយ ០១ (មួយ) ច្បាប់ សម្រាប់ប្រគល់ជូនបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និង ០២ (ពីរ) ច្បាប់ ទៀតសម្រាប់រក្សាទុកជា ឯកសារ ។

ក្នុងករណីបុគ្គលមិនគោរពវិធានការរដ្ឋបាល មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ (សាបសិប) ថ្ងៃ មន្ត្រីនគរបាលយុត្តិធម៌ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីជាធរមាន ។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

 នាយករដ្ឋបាលសាលាខេត្ត អភិបាល នៃគណៈអភិបាលក្រុង-ស្រុក មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ចាម ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖