ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ Delta ៨នាក់នៅសង្កាត់ក្បាលកោះ

ចែករំលែក៖

    ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨នាក់ ក្នុងចំណោមជាង១០០នាក់ រស់នៅតាមបណ្តោយផ្លូវបេតុង១ខ្សែ ទល់មុខវត្តកៀនស្វាយក្នុង ស្ថិតក្នុងភូមិយកបាត្រ និងភូមិយកបាត្រទី១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ។
បន្ទាប់ពីរកឃើញប្រជាពលរដ្ឋចំនួន៨នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta រួចមក នៅរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះបិទខ្ទប់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុង១ខ្សែ ក្នុងភូមិយកបាត្រនិង ភូមិយកបាត្រទី១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយមិនឱ្យធ្វើដំណើរឆ្លងកាត់ឡើយ ។
តាមការបញ្ជាក់ពីលោកហ៊ត គឹមនី អភិបាលរងខណ្ឌ ដែលប្រចាំការនៅគោលដៅបិទខ្ទប់បានឱ្យដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញប្រជាពលរដ្ឋមួយគ្រួសារមានសមាជិកជាង១០នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៨នាក់រួចមក ពេលនេះក្រុមគ្រូពេទ្យបានចុះមកយកសំណាកប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងផ្លូវបេតុង ទល់មុខវត្តកៀនស្វាយក្នុង ។ ប្រជាពលរដ្ឋដែលត្រូវយកសំណាកមានជាង១០០នាក់ ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ទាំងអស់ត្រូវបានដឹកបញ្ជូនចេញពីភូមិទៅកាន់មណ្ឌលព្យាបាលអស់ហើយ។ ដោយឡែកអ្នករស់នៅក្នុងភូមិត្រូវចេញពីផ្ទះដើម្បីឱ្យក្រុមគ្រូពេទ្យយកសំណាកទាំងអស់គ្នា បើមិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាកដោយស្ម័គ្រចិត្តទេនោះ ផ្លូវបេតុងមួយខ្សែនេះនឹងត្រូវបិទរយៈពេលយូរដោយមិនឱ្យធ្វើចរាចរណ៍ឡើយ ។
សូមរំលឹកថា កន្លងមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៨ ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ជាយ័ន្តដ៏ស័ក្តិសិទ្ធិបំផុតក្នងការការពារអាយុជីវិត បងប្អូន ជៀសផុតពីជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ៖ សណ្តោស


ចែករំលែក៖