ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការវិលត្រឡប់របស់បងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលព្យាបាលកម្រិតស្រាល និងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ។
គួរជម្រាបថា គិតត្រឹមម៉ោង១៧ និង៣០នាទីថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥.៥៧៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៦៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩៤១ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.២២៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៣៣៦ នាក់ និងស្លាប់ចំនួន ០៩នាក់៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច