តាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៦ខែសីហានេះ ក្រោយពេលលោកបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដោយសារតែវិវាទផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ។
ការលាលែងចេញពីតំណែងរបស់លោក Muhyiddin Yassin នឹងបញ្ចប់រយៈពេល១៧ខែនៃការកាន់អំណាចពោរពេញដោយវិវាទក្រោយការឡើងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ។ តាមគម្រោងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១៦ខែសីហា។ ក្រោយមក លោកនាយករដ្ឋមន្ត្រីនឹងចូលគាល់ព្រះមហាក្សត្រ ហើយលាលែងចេញពីតំណែងតែម្តង។
ប៉ុន្តែមកទល់នឹងពេលនេះ លោក Muhyiddin មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Malaysiakini នៅឡើយទេ។
ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ ម៉ាឡេស៊ីជាប្រទេសមានករណីឆ្លងកូវីដ-១៩ឈរលំដាប់ទី៨ ក្នុងទ្វីបអាស៊ី ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង២ម៉ឺននាក់ និងស្លាប់២៨២នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង១,៤លាននាក់ និងស្លាប់ជាង ១២,៥ពាន់នាក់៕
ដោយ៖ ធីរីណា(រូបថត៖AFP)