ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្នុងសភាពចលាចល ក្រោយក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងទឹកដីនេះ ហើយពលរដ្ឋបាននាំគ្នាសម្រុកចេញពីប្រទេសឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន ។ នៅអាកាសយានដ្ឋាន និងនៅតាមព្រំដែន មានពលរដ្ឋអាហ្វហ្គានីស្ថានរាប់សិបពាន់នាក់ ព្យាយាមចាកចេញពីប្រទេស។
ក្តីព្រួយបារម្ភ ភ័យខ្លាច និងការរត់ចេញពីប្រទេសគឺជាគោលដៅ របស់ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើននៅក្នុងពេលនេះ ដោយខ្លាចក្រុមតាលីបង់គ្រប់គ្រងជាមួយនឹងគោលនយោបាយតឹងតែងបំផុត ពិសេសគឺស្ត្រី។ ទាំងនោះហើយបានជាពលរដ្ឋជាច្រើនព្យាយាមចាកចេញពីប្រទេសនេះ ។
នៅតាមតំបន់ព្រំដែនជាប់ប្រទេសជិតខាង ដូចជា អ៊ុយបេគីស្ថាន តួកគី ប៉ាគីស្ថាន ជាច្រើនថ្ងៃកន្លងមកនេះ មានមនុស្សជាច្រើនឆ្លងព្រំដែនសុំភៀសខ្លួនទៅនៅក្នុងប្រទេសជិតខាង ។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយរូបបានឱ្យដឹងថា «ខ្ញុំមានលិខិតឆ្លងដែន Uzbekistan ខ្ញុំប្រញាប់ទៅកាន់ទីនោះដើម្បីជួបជុំគ្រួសារ។ មានតែព្រះជាម្ចាស់ទេទើបដឹងថាអ្វីនឹងកើតឡើងបន្តទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ដោយបារម្ភខ្លាចពីស្ថានភាពអសន្តិសុខ នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ប្រទេសជាច្រើនបានខិតខំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះ ។ កាលពីថ្ងៃទី១៥ខែសីហា អាមេរិកនិងជិត ៧០ប្រទេសផ្សេងទៀតបានចេញសេចក្តីប្រកាសរួម អំពាវនាវឲ្យជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ៕
ដោយ៖ធីរីណា(រូបភាព៖AP)