ខេត្តតាកែវ៖ ប្រទេសមានច្បាប់ ! គ្រួសារមានវិន័យ សីលធម៌ ! កុំចេញចរិតម៉ាស្រុកមានតែយើងមួយ គឃ្លើននឹងច្បាប់ ប្រមូលមនុស្សរាប់រយនាក់មកជួបជុំគ្នា បង្ក្រៀនអាហារបំប៉ន ទាំងជំងឺកូវីដ-១៩ កំពុងរាលដាលបែបនេះអី? ទីបំផុត ! ដើម្បីប្រាក់ចំណូល,ក្រុមហ៊ុនមួយហ៊ានប្រមូលមនុស្សជាង៣០០នាក់បើកវគ្គបំប៉នដែលល្មើសនិងវិធានការរដ្ឋបាល ឈានដល់ការឡោមព័ទ្ធពីអាជ្ញាធរ និងសមត្ថកិច្ច។
សូមបញ្ជាក់ថា, មានមនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ចុះឃាត់ខ្លួនដើម្បីធ្វើសំណាកតេស្ត រកមេរោគកូវីដ-១៩ ក្រោយពីពួកគេប្រមូលផ្តុំគ្នារៀនវគ្គបំប៉នដោយមិនស្តាប់តាមការណែរនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សមត្ថកិច្ចបានអោយដឹងថា, ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៤ និង៥០នាទី នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រហូតដល់យប់ជ្រៅ។
សមត្ថកិច្ចបានបញ្ជាក់ថា, ដើមចមនៃការចុះឃាត់ខ្លួននេះគឺដោយសារ មនុស្សប្រុស-ស្រីចំនួន៣៨៥នាក់ បានប្រមូលផ្តុំគ្នា មកសិក្សាវគ្គផ្នែកលក់អាហារបំប៉ន ជាមួយក្រុមហ៊ុន «យូនីស៊ីធី» ខេមបូឌា ដោយមិនបានស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ ដោយបានផ្គើននឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត។
លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ក៏បានបញ្ជាក់ថា មនុស្ស៥៨នាក់ បានធ្វើតេស្តភ្លាមៗ។ ក្នុងនោះមានមេការ៦នាក់ លទ្ធផលអវិជ្ជមាន និងត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តដើម្បីសួរនាំបន្ត។ ចំណែកមនុស្សទាំងអស់ គឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកៗពីគ្នា ក្នុងផ្ទះ៨ល្វែងក្នុងបុរីរស្មី ដែលជាទីតាំងក្រុមហ៊ុនអាហាបំប៉ននោះ ដើម្បីក្រុមគ្រូពេទ្យធ្វើតេស្ត និងយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ បន្តទៀត។
សូមរំលឹកថា, ខាងបុគ្គលិកក្រុមហ៊ុន «យូនីស៊ីធី» ខេមបូឌា ថ្មីៗនេះត្រូវតុលាការចេញដីកាចាប់ខ្លួនផងដែរ នៅខេត្តកំពង់ស្ពឺ ករណីដើរលួងលោម ប្រើមនោគមវិជ្ជា អោយប្រជាពលរដ្ឋចងការប្រាក់ពី ធនាគារ ដើម្បីយកមកទិញផលិតផលអាហារបំប៉នរបស់ខ្លួន ដែលជាក្រុមហ៊ុនធ្វើនំអត់ម្សៅ ប្រើវិធីបោកតៗគ្នា ៕
ដោយ៖ សិលា