ខេត្តតាកែវ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលផ្ទាល់នៅទីតាំងដែលបានបង្ក្រាបបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ ដែលបានលួចធ្វើការជួបជុំគ្នាល្មេីសនឹងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងខាងលើ និងបានណែនាំបន្ថែមដល់ មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះយកសំណាកដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៥នាក់ទាំងអស់ ដើម្បីស្វែងរកវីរុសកូវីដ១៩ ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ។
គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃទៀតចាប់ពីម៉ោង២៣:៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីម៕
ដោយ៖ សិលា