ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ ASSIST វិទ្យាស្ថាន William Angliss នៃប្រទេសអូស្រ្តាលី និងក្រុមហ៊ុន Thalias Hospitality Group នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលជាតិ ផ្នែកផលិតកម្មម្ហូបអាហារ ដើម្បីអាចធ្វើការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត តាមស្តង់ដាអាស៊ាន និងជាការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹង កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា, សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពីអ្នកជំនាញចុងភៅមានបទពិសោធន៍ ហើយដែលនឹងត្រូវបណ្តុះបណ្តាលអំពីគរុកោសល្យ ក្នុងការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត ដើម្បីចូលរួមបំប៉នជំនាញបន្ថែមដល់អ្នកជំនាញចុងភៅផ្សេងៗទៀត ក្នុងកម្មវិធីបង្កើនជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ដែលក្រសួងទេសចរណ៍ បាននឹងកំពុងអនុវត្តក្នុងការដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាផ្នែកសកម្មភាពមួយនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការលើកស្ទួយ និងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័ត។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយផលប៉ះពាល់ និងគំនិតផ្តួចផ្តើមនានាក្នុងការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។
លោកកក៏បានកោតសរសើរដល់ការចូលរួមពីផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល (NGOs) វិទ្យាស្ថាន William Angliss នៃប្រទេសអូស្រ្តាលី និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ តាមរយៈសិក្ខាសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ នាពេលនេះ។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលជាតិនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមចំនួន ២៧រូប។
សូមរំលឹកផងដែរថា កម្ពុជាបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៦៣០រូប រួចមកហើយ ដោយគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលទាំងនេះ បានធ្វើការបណ្តុះបណ្តាលបន្ត ឬបណ្តុះបណ្តាលខាងក្នុង (Inhouse Training) ដល់បុគ្គលិកនៅតាមស្ថាប័នរបស់ខ្លួនប្រមាណ ១,០០០រូប លើផ្នែកគេហកិច្ច ផ្នែការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ៕
ដោយ ៖ សិលា