ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានដាក់កម្លាំងតាមគោលដៅត្រួតពិនិត្យបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា គោលដៅដែលត្រូវដាក់កម្លាំងត្រួតពិនិត្យនាយប់នេះគឺមានចំនួន២៖ ទី១-គោលដៅផ្លូវ១០១៩ មុខទីតាំងបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។ ទី២-គោលដៅផ្លូវលេខ៥៩៨ មុខវិហារយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងធ្វើការល្បាតតាមផ្លូវ តាមភោជនីយដ្ឋាន និងកន្លែងលក់ដូរក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ បំបែកការជួបជុំ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមការណែនាំបន្ថែមសេចក្តីសម្រេចលេខ០២០/២១ សណន របស់សាលារាជធានីភ្នំពេញ ស្តីពី« ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ »។
ជាក់ស្ដែងក្នុងការចុះអនុវត្តការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ បានធ្វេីឡេីងតាមមូលដ្ឋានសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី(Delta) ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។
សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ៕
ដោយ៖ ចន្ទ លីហ្សា