ភ្នុំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានទទួល ការចាក់វ៉ាក់សាំងការពារដូសទី៣ អាស្រ្តាហ្សេនីកា ដែលជាដូសជំរុញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា ដែលកំពុងរាតត្បាតពាសពេញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ ។
ក្នុងផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នាពេលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ ដែលមានថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងភរិយា ឬក៏ជាស្វាមី ក្នុងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាហ្សេនីកា (ដូសជំរុញ) ប្រមាណជាង ២ពាន់ ២០០នាក់ ។
វរសេនីយ៍ឯក ទ្រាន សុធា ជំនួយការ អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺកានេះ ត្រូវបានប្រតិបត្តិដោយាក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ។
តាមផែនការដែលបានគ្រោងទុក ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលានឹងចាក់វ៉ាក់សាំងជូនថ្នាក់ ដឹកនាំ និង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងភរិយា ឬក៏ជាស្វាមី ក្នុងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិឲ្យចប់ក្នុងរយៈ ពេល២ ថ្ងៃនេះ។ ដោយឡែក សម្រាប់មណ្ឌលអភិវឌ្ឍន៍យោធិនពិកា ៣១៧ កោះស្លា នៅខេត្តកំពត និងមណ្ឌលអភិវឌ្ឍន៍យោធិនពិកា ៣១៧គូលេន ខេត្តសៀមរាប ត្រូវបានក្រុមការងារដឹកជញ្ជូនយកវ៉ាក់សាំងដូសទី ៣ អាស្រ្តាហ្សេនីកា (ដូសជំរុញ) ចំនួន ៨០៣ដូស ទៅចាក់ជូនដល់មណ្ឌល់តែម្តង។
នាយឧត្តមសេនីយ៍ មាស សាវ៉ន ដែលបានអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅក្នុងឱកាសនោះ ក៏បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួន ២ដូសរួច មកហើយនោះ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា និងជំរុញឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ ការធ្វើអនាម័យ និងអនុវត្តម៉ឺងមាត់នូវអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាវិធាការក្រសួងសុខាភិបាល គឺ៣ការពារ និង ៣កុំ ដើម្បីការពារអាយុជិវិតរបស់ខ្លួនយើងផ្ទាល់ និងដើម្បីអោយសង្គមជាតិទាំងមូលបានដំណើរ ការវិលត្រឡប់ទៅមានភាពប្រក្រតីឡើងវិញ ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន រួមជាមួយ ឧត្តមសេនីយ៍ឯក អ៊ុង មន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា បានអញ្ជើញទៅពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី ៣ ឬ ដូសជំរុញ ដល់គ្រួសារអតីតយុទ្ធជន និង បុគ្គលិក ស្ថានីយ៍ទូរទស្សន៍ ខភម ប៉ុស្ត៍លេខ ៥ ដែលបានមកទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
បងប្អូន អតីតយុទ្ធជន ក៏ដូចជាបងប្អូន បុគ្គលិកស្ថានីយ៍ទូរទស្សន៍ ខភម ប៉ុស្ត៍លេខ ៥ បានសំដែងនូវសេចក្តីសប្បាយរីករាយ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង មន្ទីរពេទ្យព្រះកេតុមាលា ដែលបានខិតខំ នាំយកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព និង អតីតយុទ្ធជន ដោយមិនគិតថ្លៃ ចាប់តាំងពីដូសទី១ ដូសទី២ និង ដូសទី៣ ដែលបានធ្វើអោយប្រជាពលរដ្ឋ កងទ័ព អតីតយុទ្ធជន មានការត្រេកអរយ៉ាងខ្លាំង និងបានគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោជានិច្ច ៕
ដោយ៖ សូរិយា