ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ធ្វើសន្និសីទកាសែតជាលើកដំបូងក្រោយប្រកាសបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានឱ្យដឹងថា ក្រុមតាលីបង់បានផ្តោតលើការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទន្ទឹមនឹងនេះក្រុមតាលីបង់ផ្តល់សិទ្ធិដល់ស្ត្រី និងលើកលែងទោសទាំងអស់ដល់សត្រូវក្នុងសម័យសង្គ្រាម។
អ្នកនាំពាក្យក្រុមតាលីបង់បានបញ្ជាក់ថា «យើងបានគ្រប់គ្រងព្រំដែនទាំងអស់»។ លោក Zabihullah Mujahid បានផ្តល់បទសម្ភាសន៍ជាលើកដំបូងជាមួយក្រុមអ្នកសារព័ត៌មាន ចាប់តាំងពី ក្រុមតាលីបង់ប្រកាសគ្រប់គ្រងអាហ្វហ្គានីស្ថានទាំងស្រុងនៅយប់ថ្ងៃទី១៥ខែសីហា ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីកំពុងតែបង្កើតឡើង ហើយក្នុងពេលរៀបចំរួចរាល់នឹងប្រកាសជាសាធារណៈ។
ជាមួយគ្នានេះ អតីតមន្ត្រីដែលបម្រើការជាមួយរដ្ឋាភិបាលចាស់ បានព្យាយាមចេញពីប្រទេសដោយខ្លាចក្រុមតាលីបង់សងសឹក ។ ប៉ុន្តែលោក Zabihullah Mujahid បញ្ជាក់ថា សត្រូវទាំងឡាយរបស់ក្រុមតាលីបង់ទទួលបានការលើកលែងទោស ហើយអំពាវនាវឲ្យអតីតមន្ត្រីវិលត្រឡប់មកធ្វើការវិញ។
លោក Zabihullah Mujahidបាននិយាយថា «យើងបានលើកលែងទោសទាំងអស់ដើម្បីស្ថិរភាពនិងសន្តិភាពនៅអាហ្វហ្គានីស្ថាន។ អ្នកដែលស្លាប់ពេលកំពុងធ្វើសង្គ្រាមនោះគឺជាកំហុសរបស់ពួកគេ។ យើងដណ្តើមបានការគ្រប់គ្រងអាហ្វហ្គានីស្ថានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំក្នុងតំបន់»។
សូមញ្ចាក់ផងដែរថា មានខេត្តក្រុងចំនួន១៦រួមទាំងរដ្ឋធានីកាប៊ុលផងក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងដោយមិនមានការផ្ទុះអាវុធនោះឡើយ៕

ដោយ៖ធីរីណា(រូបភាព៖ AP)


ចែករំលែក៖