ខ្សែបម្រើអាមេរិក កីឡាការិនី Carli Lloyd បានប្រកាសថា នាងនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះបន្ទាប់ពីអាជីពបាល់ទាត់ដ៏អស្ចារ្យមួយនេះ។ កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជាអន្តរជាតិចំនួន៣១២ប្រកួតដោយស៊ុតបញ្ចូលទីបាន១២៨គ្រាប់សម្រាប់ក្រុមបាល់ទាត់នារីអាមេរិក (USWNT) ។
Lloyd ដែលធ្លាប់ខ្ចីជើងលេងនៅក្លិបនារី Manchester City ក្នុងឆ្នាំ២០១៧ បានឈ្នះពានរង្វាន់ World Cup ផ្នែកនារី២ដង និងមេដាយមាសអូឡាំពិក២ដង។
នាងបាននិយាយថា “ជារៀងរាល់ថ្ងៃខ្ញុំដើរចេញក្រៅទីលានខ្ញុំបានលេងដូចជាវាជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនដែលចង់ទទួលយកអ្វីទាំងអស់ ជាពិសេសដឹងថាវាលំបាកប៉ុណ្ណាដើម្បីឡើងដល់កំពូល ប៉ុន្តែពិបាកជាងនេះទៅទៀតដើម្បីឈរនៅលើគេក្នុងរយៈពេលយូរ។ ខ្ញុំអរគុណជារៀងរហូតដែលបានធ្វើជាតំណាងឱ្យក្រុម និងអាចលេងឱ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំនឹងបន្តគាំទ្រ និងលើកទឹកចិត្តក្រុមនេះ ហើយបន្តស្វែងរកវិធីដើម្បីជួយបង្កើនការប្រកួតនិងបំផុសគំនិតក្មេងៗជំនាន់ក្រោយ”។
លោក Vlatko Andonovski គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិក USWNT បាននិយាយថា Lloyd គឺជាជាកីឡាករពិត ហើយគាត់ត្រូវបានគេផ្តល់កិត្តិយសឱ្យធ្វើជាគ្រូបង្វឹក។ Lloyd នឹងលេងក្នុងការប្រកួតអន្តរជាតិចុងក្រោយចំនួន៤ក៏ដូចជាការប្រកួតដែលនៅសល់នៃរដូវកាល NWSL ជាមួយក្រុមរបស់នាងគឺ NJ/NY Gotham មុនពេលព្យួរស្បែកជើងរបស់នាង។
Lloyd បានចាប់ផ្តើមលេងដំបូងនៅឆ្នាំ១៩៩៩ ឲ្យក្រុម W-League Central Jersey Splash ខណៈដែលនាងនៅរៀនវិទ្យាល័យ។ នាងបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងទល់នឹងអ៊ុយក្រែនក្នុងឆ្នាំ២០០៥ ក្នុងអាយុ២២ឆ្នាំ និងជាកីឡាការិនីដែលជាប់ចំណាត់ថ្នាក់លេខ២នៅអាមេរិក និងពិភពលោកនៅពីក្រោយ កីឡាការិនី Kristine Lilly ដែលរកបាន៣៥៤គ្រាប់ក្នុងជម្រើសជាតិ។
Lloyd ដែលបានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៤-១ ក្នុងពានរង្វាន់ Women’s FA Cup វគ្គផ្តាច់ព្រ័ត្រឲ្យក្រុម Manchester City ឈ្នះលើក្រុម Birmingham បាននិយាយថា នាងចង់ចាប់ផ្តើមគ្រួសារជាមួយប្តីរបស់នាងគឺកីឡាករវាយកូនហ្គោលអាជីព Brian Hollins។ នាងក៏មានគម្រោងបន្តដឹកនាំក្លិបបាល់ទាត់ជាមួយកីឡាករវ័យក្មេងនៅពេលនាងចូលនិវត្តន៍ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)