ភ្នំពេញ៖..កំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវនិងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចាត់វិធានការ មិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង ១ខែកន្លងមកនេះ តែអ្វីយើងចង់បានគឺត្រូវបន្តធ្វើឱ្យសម្រេចបាន១០០ភាគរយនាពេលខាងមុខ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែល លក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគ ទៅលក់ដូរនៅផ្សារដើមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរនិងកងកម្លាំងរបស់យើង ហើយអ្វីដែលពីសេសថែមទៀតនោះ គឺបានពីការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែយើងទាំងអស់គ្នា អនុវត្តការងារខាងលើ ដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។
លោក ឃួង ស្រេង បានបន្តទៀតថា៖ ជាទិសដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អនិងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរ រំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវឡើយ។ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញរបស់យើង មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនអាជីវករ នៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលពួកគាត់នាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ តាមការដោះ ស្រាយរបស់រដ្ឋបាលរាជធានីពួកគាត់មានការសប្បាយ រីករាយណាស់ រហូតបានអំពាវនាវឱ្យអាជីវករផ្សេងទៀតទៅលក់តាមពួកគាត់ថែមទៀត ដែលនេះជាភាពជោគជ័យដ៏ធំធេងរបស់យើង ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងឱកាសនោះឯកឧត្ដអភិបាលរាជធានីបានប្រកាសបើកឱ្យធ្វើចរាចរឡើងវិញទាំងអស់ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពី ថ្ងៃទី២៥ ខែកុម្ភៈ ២០២៦នេះតទៅ។
លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤បន្តធ្វើការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានប្រជាពលរដ្ឋផងដែរ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច