ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅទិញថ្នាំញៀនដល់រាជធានីភ្នំពេញបម្រុងយកទៅជក់ ត្រូវប៉ូលិសមុខកំពូលល្បាតប្រទះឃើញឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖បុរសម្នាក់ដែលជិះម៉ូតូទៅទិញគ្រឿង ញៀនដល់រាជធានីភ្នំពេញយកទៅប្រើប្រាស់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ០២កញ្ចប់ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាត។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ កុម្ភៈ ២០២៦ វេលាម៉ោង ១៩និង០០នាទីយប់ នៅចំណុចផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ពុធ ពេជ្រ ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានតេស្តទឹកនោមវិជ្ជមានសារធាតុញៀន។ វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ តូច (មានទម្ងន់ ០.២៥ក្រាម) និងម៉ូតូម៉ាកហុងដាគុបជ្រុងចំនួន ០១គ្រឿង ពាក់ស្លាកលេខ 0645 ភព1។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកមុខកំពូល ចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ។ លុះពេលល្បាតមកដល់ចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកយាយហ៊ិន ទី២ ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូគួរឲ្យសង្ស័យ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីសួរនាំ និងឆែកឆេរ រហូតរកឃើញថ្នាំញៀនចំនួន ២ កញ្ចប់ នៅជាប់នឹងខ្លួន រួចក៏បាននាំខ្លួនយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនចំនួន ០២កញ្ចប់ តូចនេះពីជនមិនស្គាល់ឈ្មោះម្នាក់នៅចំណុចឡឥដ្ឋដំបូលខៀវ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតម្លៃ ៣០០០០រៀល ដើម្បីយកមកប្រើប្រាស់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖