ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ប្តេជ្ញារំដោះផ្ទៃដីពីគ្រាប់មីនសំណល់សង្រ្គាម និងបោសសម្អាតតំបន់រងផលប៉ះពាល់ដោយការទម្លាក់គ្រាប់បែករបស់យោធាថៃ

ចែករំលែក៖

ភ្នំពេញ ៖  ក្នុងឆ្នាំ២០២៦នេះគឺជាពេលវេលាថ្មីមួយសម្រាប់កម្ពុជា បើប្រៀបធៀបទៅនឹងពេលវេលាដែលបានឆ្លងកាត់ក្នុង   រយៈពេលដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា ចាប់តាំងតែពីចុង ឆ្នាំ១៩៩៨មក។ សម្រាប់ក្នុងឆ្នាំ២០២៦នេះដោយ សារតែសង្រ្គាម និងការឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា បានបន្សល់ ទុកនូវគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជា ពិសេសការទម្លាក់គ្រាប់ពីលើយន្ដហោះ និងការប្រើប្រាស់គ្រាប់បែកចង្កោម ដែល បង្កជាហានិភ័យ ធ្លាក់រាយប៉ាយនៅតាមបណ្តោ យព្រំដែន និងតំបន់ដែលមានប្រជាជនរស់នៅ។

    ដោយមើលឃើញពីផលវិបាក និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរមកលើជនស៊ីវិល និងគ្រួសារកងទ័ពដែលរស់នៅតាមបណ្ដោយព្រំដែននោះ មជ្ឍមណ្ឌលកម្មភាពកំចាត់មីនកម្ពុជាបានដាក់ផែនការ និងទិសដៅក្នុងការផ្សព្វ ផ្សាយ អប់រំ បញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ នៅក្នុងទិវាជាតិស្តីពីមីន និងចាត់ទុកទិវានេះគឺពិតជាមានសារៈសំខាន់ក្នុងការបង្ការ ការពារគ្រោះថ្នាក់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ដែលទទួលរងផលប៉ះប៉ពាល់ដោយសង្រ្គាមកន្លងមក។

    ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៏មាន ស្តីពីទិវាជាតិយល់ដឹងអំពីមីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ជាក់ថា ជាយុទ្ធសាស្រ្តក្នុងការរៀបចំអប់រំនេះ អង្គភាពស៊ីម៉ាក់ បានប្រើប្រាស់យុទ្ធសាស្រ្តប្រមូលផ្តុំកម្លាំងស្មារតី ដែលជាប្រភពធនធានរបស់យើង ក្នុងការអប់រំយល់ដឹងពីមីន បង្កើនឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងតំបន់ដែលទទួលរងផលប៉ះ ពាល់ទាំងអស់។ 

    លោកបានលើកឡើងថា ចំពោះអ្វីដែលអង្គភាពស៊ីម៉ាក់ បានកំពុងធ្វើរួចជាស្រចទៅហើយដល់ទីតាំងដែលទទួលរងផលប៉ះពាល់មួយចំនួន ដើម្បីធ្វើការបោសសម្អាត ដើម្បីមិនបង្កគ្រោះភ័យដល់ប្រជាពលរដ្ឋ។

     ទាក់ទងទៅនឹងសង្រ្គាមជាមួយប្រទេសថៃ លោក ហេង រតនា បានបញ្ជាក់ថា៖ តំបន់ទទួលរងគ្រោះថ្នាក់បំផុត ដូចជាសាលារៀន ទីប្រជុំជន ផ្សារ និងទីសារធារណៈ ហើយចំពោះមុខចាំបាច់ត្រូវធ្វើការផ្សព្វ ផ្សាយ និងត្រូវដោះស្រាយបន្តាន់នោះគឺខេត្តទាំង៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ បើយើងបូកសរុបក្នុងសង្រ្គាមក្នុងលើកទី១ និងសង្រ្គាមលើកទី២ ឃើញថាផលប៉ះពាល់មានទំហំធំធេង ជាពិសេសក្នុងតំបន់ប្រយុទ្ធគ្នាខ្លាំង។ យោធាថៃ បានប្រើប្រាស់អាវុធច្រើនមុខ ក្នុងនោះ ពួកគេបានប្រើ ប្រាស់យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ F-16 និងយន្តហោះដទៃទៀត ដើម្បីទម្លាក់គ្រាប់បែក ក្នុងប្រទេសរបស់យើងចូលជ្រៅដោយក្នុងតំបន់ខ្លះរហូតដល់ ៨០គីឡូម៉ែត្រ ដែលផ្តាច់ស្ពាន ផ្លូវយុទ្ធសាស្រ្តថែមទៀត។ សម្រាប់គ្រាប់យន្តហោះទម្លាក់ ដែលយើងជួបប្រទះមានដូចជាប្រភេទ MK-84, MK-82 ច្រើន ពិសេស MK-82 ដែលមានទម្ងន់ប្រមាណ២៣០ គីឡូក្រាម ដែលបំផ្ទុះ និងមានបំពាក់អាវុធប្រភេទនាំផ្លូវទំនើប សម័យថ្មី ផលិតនៅប្រទេសអ៊ីស្រា អែល និងកូរ៉េខាងត្បូង។ ចំពោះគ្រាប់បែកប្រភេទ MK-84 ដែលមិនទាន់ផ្ទុះគឺជាគ្រាប់ដែលមានទំហំធំជាងគេក្នុងគ្រួសារប្រភេទ MK ដែលមាន ទម្ងន់រហូតដល់ប្រមាណ១តោន និងវាជាកម្លាំងគ្រាប់ដែលមានការផ្ទុះខ្លាំង។

   លោក ហេង រតនា ក្រៅពីនេះកងទ័ពថៃក៏មានប្រើប្រាស់គ្រាប់បែកចង្កោម កាំភ្លើងធំ ដែលមានបរិមាណយ៉ាងច្រើនមែនទែនក្នុងការប្រយុទ្ធគ្នាកន្លងមក។ ចំពោះគ្រាប់កាំភ្លើងធំ 155mm ក៏មានការបាញ់ច្រើន និង គ្រប់ទិស ក្នុងពេលប្រយុទ្ធគ្នា។ លោកអគ្គនាយកបានពន្យល់ផងដែរថា ប្រសិនគ្រាប់បែកចង្កោម ដែលបាញ់តាមរយៈគ្រាប់បែក 155mm ក្នុងមួយគ្រាប់គឺវាអាចផ្ទុកគ្រាប់បែកចង្កោមប្រភេទ M-46 មានចំនួន៥៦ គ្រាប់ នៅខាងក្នុង ហើយ ប្រសិនបើ M-85 ផ្ទុកគ្រាប់បែកចង្កោម៤៨គ្រាប់ នៅខាងក្នុង។គ្រាប់ទាំងនេះមានទាំងផ្ទុះនៅលើអាកាស និងខ្លះមិនទាន់ផ្ទុះធ្លាក់មកដី ហើយគេប្រទះឃើញច្រើនតាមសាលារៀន តាមវាលស្រែចម្ការ ឬផ្ទះរបស់ប្រជាពលរដ្ឋដែលជាបទល្មើសមួយធ្ងន់ធ្ងរសម្រាប់មនុស្សជាតិ។ ក្រៅពីនេះក៏ឃើញមានប្រើគ្រាប់ប្រភេទគីមី និងសារជាតិគីមី ដែលអាចរងផលប៉ះពាល់រយៈពេលវែង ហើយកងទ័ពថៃ ក៏មានប្រើអាវុធកែច្នៃ ដ្រូន និងក៏មានប្រើសារជាតិគីមីជាមួយអាវុធដ្រូននេះថែមទៀត។ នេះគឺជាការពន្យល់បន្ថែមរបស់លោក ហេង រតនា ។

លោក ហេង រតនា បានលើកឡើងពីអាវុធយុទ្ធភណ្ឌដែលកងទ័ពថៃបានប្រើប្រាស់ ហើយភូមិដែលទទួលរងផលប៉ះពាល់ក្នុងសង្រ្គាមឈ្លានពាន២លើទឹកដីកម្ពុជានេះមានទំហំធំធេង រហូត ដល់ ៣៤០ភូមិ ហើយទំហំដី រងប៉ះពាល់ មានជាង ៤៤១ ០០០ ហិកតា ដែលយើងសង្ស័យ និងស្រាវជ្រាវ។ ក្រៅពីនេះបើគិតចំនួនប្រជាជនដែលទទួលរងផលប៉ះពាល់វិញមានប្រមាណ៩១០០០ គ្រួសារ ឬជិត៤សែននាក់ ស្ថិតនៅក្បែរតំបន់ព្រំដែន។ លោកក៏បានអះអាងថា៖ ចំពោះចំនួនប្រជាជនយើង និងបរិមាណផ្ទៃដីដែលប៉ះពាល់មានមានទំហំធំធេង ហើយយើងត្រូវយកចិត្តទុកដាក់បោសសម្អាត។ សម្រាប់វិធានការ និងយុទ្ធសាស្រ្តរបស់យើងគឺបានដាក់ចេញច្បាស់លាស់ហើយ ដើម្បីបង្ការ និងធ្វើការរំដោះផ្ទៃដីក៏ដូចជាការគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឡើង វិញរបស់ប្រជាពលរដ្ឋកម្ពុជា ដោយក្នុងនេះ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាគឺសម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគិតគូរច្បាស់លាស់ណាស់ ។ 

    យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានឱ្យដឹងថា ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣ គ្រាប់ មិនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។

ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់ បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរម្លឹកយ៉ាងដូច្នេះថា៖ «សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ»។

    ក្នុងសារលិខិតនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានមានប្រសាសន៍ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ នៅតាមសាលារៀន វត្តអារាម និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបានស្នើអាជ្ញាធរមីន សហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តការស្រាវជ្រាវ និងបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពសម្រាប់សម្រាប់ធ្វើស្រែចម្ការ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

    សូមបញ្ជាក់ថា៖អាជ្ញាធរមីននិងអង្គការExcee d Worldwide កាលពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានពង្រឹងកិច្ចសហការជាមួយគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទា ដល់ជនមានពិការភាពដោយ សារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។

    លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍កោតសរសើរចំពោះការចូលរួមរបស់អង្គការ Exceed World wide ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈការ ងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។ 

    លោកបញ្ជាក់ថា៖ ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ ដែលតម្រូវឱ្យមានការចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការដោះស្រាយ ហើយក្នុងនោះ អង្គការExceed Worldwide គឺជាដៃគូមួយក្នុងការផ្តល់សេវាដល់ជនមានពិការភាព ផងដែរ ៕ ដោយ សំរិត


ចែករំលែក៖