ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរស២នាក់ដែលជាជនអនាថាបាននាំគ្នាចូលទៅសម្ងំ នៅក្នុងអគារទុកចោលមួយកន្លែងដេីម្បីប្រើប្រាស់ថ្នាំញៀន ហើយស្រាប់តែកើតមានជម្លោះគ្នា និងបានវាយតប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួស បែកក្បាលហូរឈាមស្រោចខ្លួននិងសន្លប់ ស្តូកស្តឹងទាំងពីរនាក់ ហើយដំណាក់កាលចុងក្រោយគឺដេកពេទ្យទាំងអស់គ្នា។
ករណីខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង ១២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១នេះ នៅអគារមួយកន្លែងដែលម្ចាស់ទុកចោលយីហោ” វិថី ពាណិជ្ជកម្ម ចុង ស៊ីង” ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានឱ្យដឹងថា ទីតាំងកេីតហេតុពីមុនគឺជាភោជនីយដ្ឋានដែលធ្លាប់បានបើក ដំណើរការនាពេលកន្លងមក ។ ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះហាង មួយនេះត្រូវបានផ្អាកជាបណ្ឌោះអាសន្នដោយចាក់សោបិទទ្វារទុកចោល ហើយក៏ មិនមាននរណាមើលការខុសត្រូវនោះដែរ។
ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃគេ សង្កេតឃើញមានជនអនាថាតែងតែ នាំគ្នាលួចចូលទៅខាងក្នុងដេីម្បីសម្ងំ ប្រើប្រាស់គ្រឿងញៀនស្ទើរជា រៀងរាល់ថ្ងៃ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែជនអនាថាខាងលេីនេះបានចូលទៅក្នុងបរិវេណទីតាំងនោះ លុះមួយសន្ទុះក្រោយមកមានបុរសរងគ្រោះដែលជា ជនអនាថាម្នាក់ក្នុងចំណោមគ្នា២នាក់ បានរត់ចេញមកខាងក្រៅ និងបាន ដួលសន្លប់ព្រមទាំងមានរងរបួសឈាម ហូរស្រោច ខ្លួន ហើយក៏ឮសំឡេងក្ដុងក្ដាំងនៅក្នុងបរិវេណទីតាំងកើតហេតុ ដោយ មិនដឹងថាមានរឿងអ្វីនោះទេ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានតេទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយធ្វើអន្តរាគមន៍ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញ បុរស២នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ម្នាក់នៅពីក្រោម ចំណែកម្នាក់ទៀតនៅ ពីលើ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ នគរវត្តតាមទូរស័ព្ទឱ្យដឹងថា ជនអនាថា ២នាក់នោះ សង្ស័យរឿងជក់ថ្នាំញៀនចែកគ្នាមិនស្មើ ទើបបង្កហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក ចុងក្រោយ ដេកពេទ្យទាំង២នាក់រងរបួសធ្ងន់ ៕
ដោយ ៖ ជីណា