ព័ត៌មានទាន់ហេតុការណ៍៖

សប់កង់គោយន្តមិនមើលនាឡិកាស្ទង់ដោយរវល់ជជែកជាមួយគេឯង ផ្ទុះកង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ ជា​កម្មករ​ស្តង់​លក់​និង​ទិញ​ដំឡូង​មី បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ដោយសារ​បូម​ខ្យល់​កង់គោយន្តកន្ត្រៃយ៍លើស​ចំណុះ​បណ្តាល​ឲ្យ​ផ្ទុះខ្ទាតថាសកង់គោយន្តត្រូវក្បាល។

ឧបទ្ទវហេតុនេះកើតឡើងនៅរសៀល ​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តង់​ទិញ​និង​លក់​ដំឡូង​មី ស្ថិតក្នុង​ភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ដាំ សា​វិ​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជន្លាស​ដៃ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ។ជនរងគ្រោះ​បាន​ទៅធ្វើ​កម្មករ​ស៊ីឈ្នួល​កិន និង​ហាលដំឡូង មី​ដែលមាន​ម្ចាស់​ឈ្មោះ គៀវ នៅ​ភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

សាក្សីបានប្រាប់សមត្ថកិច្ចថានៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើកគោយន្តកន្រ្តៃយ៍រាស់​ដំឡូង​មី ដែល​កិន​ហើយដើម្បីវែក​ហាល​កម្តៅថ្ងៃប៉ុន្តែ​កង់​គោយន្ត​ខាងឆ្វេង​ធូរ​ខ្យល់​។ ពេលនោះ​ជន រងគ្រោះ បាន​បើក​ទៅ​បូមខ្យល់ក​ង់​នៅ​កន្លែង ស្តង់ មួយក្បែរនោះ។ លុះនៅពេល​កំពុង​បូម​ខ្យល់​នោះ ជនរងគ្រោះ​រវល់​តែ​និយាយ​លេង​ជាមួយ​អ្នកផ្សេង ភ្លេច​មើល​ទម្ងន់ខ្យល់​បណ្តាល ឲ្យ​លើស​ចំណុះ​ក៏ផ្ទុះ​កង់ លាន់ដូចគ្រាប់បែកហើយថាស​កង់​គោយន្ត​របូត​ប៉ើង​បុកចំចិញ្ចើម ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកស្វាយចេកបានចុះទៅធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយឧបទ្ទវហេតុខាងលើប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖