ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះបន្តិច តែនៅម៉ាឡេស៊ីកើនឡើងខ្ពស់

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសនៅយបថ្ងៃទី១៨ខែសីហាថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៨.៨០០នាក់ គឺតិចជាង កាលពីថ្ងៃទី១៧ខែសីហាដែលមានរហូតដល់ជិត១ម៉ឺននាក់ ។ ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយជាង៣.៧០០នាក់ផងដែរ។

មកដល់ថ្ងៃនេះវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ១៥លានដូសហើយ ក្នុងនោះ មានជាង ១,៤លាននាក់ចាក់បានដូសទីពីរ ។
ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ីវិញ ក្នុងថ្ងៃនេះមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មាន គឺមានរហូតដល់២២,២៤២ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ ទី១៨ សីហានេះ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១,៤៦៦,៥១២ករណី។
ម៉ាឡេស៊ីបានបំបែកកំណត់ត្រាកាលពីលើកមុន គឺពីថ្ងៃទី១២ ខែសីហា ដោយកត់ត្រាករណីឆ្លងថ្មីៗចំនួន ២១,៦៦៨ករណីក្នុងមួយថ្ងៃ។ នៅថ្ងៃទី១៨ខែសីហានេះដែរ ម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន២២៥នាក់ទៀតផងដែរ។
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះសន្ទុះនៃករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងយ៉ាងខ្លាំង ជាមួយក្តីបារម្ភជុំវិញវីរុសបំប្លែងខ្លួនថ្មី Delta។ សរុបមកវិញគិតត្រឹមថ្ងៃពុធនេះម៉ាឡេស៊ីមានករណីឆ្លងសរុប ១,៤៦៦,៥១២ករណី ក្នុងនោះស្លាប់ ១៣,៣០២នាក់ និងជាសះស្បើយ ១៩,៦៨០នាក់៕

ដោយ៖ធីរីណា(រូបភាព៖zingnews.vn+TTXVN )


ចែករំលែក៖