ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយជាស្បៀងអាហារ​ ,ថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ និងលើកទឹកចិត្តដល់មន្ត្រីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងលោកស្រី​ ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសំណេះសំណាល នាំយកអំណោយជាស្បៀងអាហារនិងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសចុះសំណេះសំណាល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍កោតសរសើរចំពោះ លោក ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត​ បានណែនាំ ក៏ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍ឲ្យខានតែបាន «៣កុំ-៣ការពារ»។

ចប់ប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី​ បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមាន៖​ អង្ករ២៥០០គីឡូក្រាម ,ម៉ាស៥០០០, អាល់កុល៦០លីត្រ, ទឹកសុទ្ធ១០០កេស, បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន០៥លានរៀល៕

ដោយ​៖សហការី​


ចែករំលែក៖