ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធឈ្លោះគ្នារហូតដុតផ្ទះចោល ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នារហូតឈានដល់ប្រើអំពើហិង្សាធ្វើឱ្យប្រពន្ធទប់ចិត្តមិនបានប្រមូលសម្ភារក្នុងផ្ទះនៅជាន់ទី២ ដុតចោលបណ្ដាលឱ្យកើតជាអគ្គិភ័យឆាបឆេះក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជិតខាង និងរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ពន្លត់។

ហេតុកាេណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយវិថីព្រះមុនីរ៉េត នៅផ្ទះជាន់ទី២ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច បានឱ្យដឹងថា ប្តីប្រពន្ធដែលទាស់គ្នានេះ ប្ដីឈ្មោះ គឹម វាសនា ហៅបារាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ។ ចំណែកប្រពន្ធឈ្មោះ ជុំ រំដួល ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ អ្នកលក់ខោអាវ ស្នាក់នៅផ្ទះជាន់ទី២ ក្នុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធនិងជាអ្នកដុតផ្ទះបានឱ្យដឹងថា នៅមុនពេលដែលធ្វើឱ្យគាត់សម្រេចចិត្តប្រមូលសម្ភារសម្លៀកបំពាក់ដុតចោលនោះ គឺដោយសារខឹងនឹងប្ដីដែលចេះតែរករឿងឈ្លោះនិងវ៉ៃដំគាត់ជារៀងរាល់ថ្ងៃ ទើបបានប្រមូលពូក កន្ទេល ខ្ទេីយ សម្លៀកបំពាក់ដុតចោលនៅក្នុងផ្ទះតែម្ដង។ ស្រ្តីជាប្រពន្ធបានបន្តឱ្យដឹងទៀតថា គាត់មិនដឹងថាដុតទៅឆេះខ្លាំងនោះទេ ស្រាប់តែបង្កជាអណ្ដាតភ្លើងឆេះកាន់តែខ្លាំង គាត់ក៏បានប្រមូលសម្ភារដែលឆេះនោះលើកបោះចោលមកខាងក្រោមតែម្ដងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង និងរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ពន្លត់បានទាន់ពេលវេលា។

ក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញការិយាបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា រថយន្តដែលមកដល់ទីតាំងកើតហេតុមានចំនួន៤គ្រឿង តែប្រើប្រាស់ទឹកបាញ់ពន្លត់អស់១គ្រឿងក៏រលត់ជាស្ថាពរ និងខូចខាតថ្មបេតុង (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ) និងឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភារផ្ទះបាយមួយចំនួន។

ក្រោយពេលកើតហេតុប្ដីប្រពន្ធទាំង២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនដើម្បីធ្វើការសួរនិងចាត់បន្តតាមនីតិវិធី៕

រូបភាព ៖ រ៉ារ៉ា

 


ចែករំលែក៖