ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើប្រាស់ “មណ្ឌលចត្តាឡីស័ក” សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមការបញ្ជាក់ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅជាក់ស្ដែង​មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ។

គួរជម្រាបថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​១៩ ខែសីហា​​​ ឆ្នាំ២០២១នេះដែរ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៣៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៣២នាក់ និងករណីស្លាប់​ ១៧នាក់​។​ ក្នុងនោះ​៖​ ករណីឆ្លងសហគមន៍ ៣៨៨នាក់
និងអ្នកដំណើរពីបរទេស ១៤៥នាក់។

គួរបញ្ជាក់ថា​ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 87,723 នាក់
– អ្នកជាសះស្បើយ= 83,298 នាក់
– អ្នកស្លាប់= 1,747 នាក់។

ដោយ​ឡែក​​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,៧០%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣៥,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖សហការី


ចែករំលែក៖