ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃសែនក្បាលទឹក សមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ជិត៥០ លីត្រនិងពពុះសណ្តែក មានសារធាតុគីមី នៅផ្សារ វាលយន្ត ទីរួមខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជិតដល់ថ្ងៃសែនក្បាលទឹក សមត្ថកិច្ចជំនាញ(កបប)បន្តរកឃើញអាល់កុលក្លែងក្លាយ ជិត៥០ លីត្រនិងពពុះសណ្តែក មានសារធាតុគីមី  នៅផ្សារ វាលយន្ត ទីរួមខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។

លោក ផឹង និល ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ដោយមានការណែនាំពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅតាម ឃ្លាំង ដេប៉ូ ចែកចាយទំនិញ ម៉ាត ឱសថស្ថាននិង តាមស្ថានីយ៍ប្រេងឥន្ធនៈ  និង ផលិតផលអាល់កុល ជែលលាងដៃ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ នៅ ផ្សារវាលយន្ត ទីរួមខេត្ត ស្វាយរៀងនិង តាមដានតំលៃទំនិញ( ជាពិសេសតំលៃអាល់កុលស្លាកសញ្ញា តំលៃម៉ាស់ ទីរួមខេត្តស្វាយរៀង។

លោកបន្តថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល  ជែលលាងដៃនៅតាម ឪសថស្ថាន និង យកបន្លែ ផ្លែ ឈើ គ្រឿងសមុទ្រ ចំនួន ២៧ គំរូ យកមកពិសោធន៍ នៅ មន្ទីពិសោធន៏ខ្នាតតូចរបស់សាខាស្វាយរៀងដើម្បីស្វែងរកអាល់កុលក្លែងក្លាយ និង ទំនិញដែលមានសារធាតុគីមី ដែលធ្វើអោប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាពិសេសមន្ត្រីលោកបានផ្សព្វផ្សាយប្រកាស់អន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អាជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។

ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ១ គំរូ និងអាល់កុលក្លែងក្លាយមួយចំនួន អាល់កុល ក្លែងក្លាយ ចំនួន ៤៥ លីត្រ
និងពពុះសណ្តែក  ចំនួន ២គីឡូ  ( មានសារធាតុគីមី )  ។

ក្រោយមកមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង ។

លោក  បានបន្តថា អាល់កុលក្លែងក្លាយដែលរកឃើញទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។
ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ក្នុងក្រុមគ្រួសារ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖